Khmer Abridged Explanation of the Quran
9:74 - 9:74

ពួកពុតត្បុតបានស្បថនឹងអល់ឡោះដោយកុហកបោកប្រាស់ថាៈ ពួកគេមិនបាននិយាយពាក្យសម្តីប្រមាថចំពោះអ្នក(ព្យាការីមូហាំម៉ាត់) និងមើលងាយចំពោះសាសនារបស់អ្នកដូចដែលបានលេចលឺទៅដល់អ្នកនោះឡើយ តែតាមពិត ពួកគេពិតជាបាននិយាយនូវពាក្យសម្តីដែលធ្វើឲ្យពួកគេក្លាយជាពួកដែលគ្មានជំនឿដូចដែលបានលេចលឺទៅដល់អ្នកពិតមែន ហើយពួកគេបានស្តែងចេញនូវភាពគ្មានជំនឿក្រោយពីពួកគេបង្ហាញពីការមានជំនឿរបស់ពួកគេហើយនោះ។ ជាការពិតណាស់ ពួកគេប៉ុនប៉ងធ្វើនូវអ្វីដែលមិនអាចសម្រេចបានដោយការប៉ុនប៉ងសម្លាប់ព្យាការី។ ហើយពួកគេមិនអាចធ្វើអ្វីបានឡើយ លើកលែងតែអ្វីដែលអល់ឡោះទ្រង់ប្រោសប្រទានឲ្យពួកគេដោយឲ្យពួកគេមានបានតាមរយៈជ័យភណ្ឌដែលអល់ឡោះបានប្រទានវាដល់ព្យាការីរបស់ទ្រង់ប៉ុណ្ណោះ។ ហើយប្រសិនបើពួកគេសារភាពកំហុសចំពោះអល់ឡោះពីទង្វើពុតត្បុតរបស់ពួកគេនោះ ពិតណាស់ ការសារភាពកំហុសរបស់ពួកគេនោះគឺល្អប្រសើរសម្រាប់ពួកគេជាងការដែលពួកគេនៅតែបន្តស្ថិតនៅលើភាពពុតត្បុតនោះ។ តែប្រសិនបើពួកគេបែរចេញពីការសារភាពកំហុសចំពោះអល់ឡោះនោះ ទ្រង់នឹងដាក់ទណ្ឌកម្មដ៏ឈឺចាប់បំផុតចំពោះពួកគេនៅក្នុងលោកិយនេះ ដោយការសម្លាប់និងការចាប់ជាឈ្លើយសឹក។ ហើយទ្រង់ក៏នឹងដាក់ទណ្ឌកម្មពួកគេផងដែរនៅថ្ងៃបរលោកនូវទណ្ឌកម្មដ៏ឈឺចាប់បំផុតដោយ(បញ្ចូលពួកគេទៅក្នុង)ភ្លើងនរក។ ហើយពួកគេគ្មានអ្នកគាំពារណាដែលអាចគាំពារពួកគេ និងអាចជួយសង្គ្រោះពួកគេពីទណ្ឌកម្មបានឡើយ ហើយក៏គ្មានអ្នកជួយណាដែលអាចជួយការពារពួកគេពីទណ្ឌកម្មបាននោះដែរ។