ប្រសិនបើអល់ឡោះទ្រង់បញ្ជូនអ្នក(ឱព្យាការីមូហាំម៉ាត់)ឲ្យត្រឡប់ទៅកាន់ក្រុមមួយនៃពួកពុតត្បុតទាំងនោះ ដែលពួកគេនៅបន្តស្ថិតនៅលើភាពពុតត្បុតរបស់ពួកគេ ហើយពួកគេបានស្នើសុំអ្នកឲ្យអនុញ្ញាតដល់ពួកគេអាចចេញទៅប្រយុទ្ធក្នុងសង្គ្រាមផ្សេងទៀតជាមួយអ្នកនោះ ចូរអ្នកពោលទៅកាន់ពួកគេចុះថាៈ ពួកអ្នក(ឱពួកពុតត្បុត)មិនអាចចេញទៅតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះជាមួយនឹងខ្ញុំបានជាដាច់ខាត ដែលនេះជាទណ្ឌកម្មលើពួកអ្នក ហើយក៏ជាការប្រុងប្រយ័ត្នខ្លាចភាពវិនាសកម្មដែលអាចកើតមានឡើងដោយសារតែវត្តមានរបស់ពួកអ្នក(ចូលរួមក្នុងសង្គ្រាម)ជាមួយនឹងខ្ញុំ។ ពិតប្រាកដណាស់ ពួកអ្នកបានពេញចិត្តក្នុងការអង្គុយ(នៅក្នុងផ្ទះ) ហើយមិនចេញទៅច្បាំងក្នុងសមរភូមិតាពូកមកហើយ។ ហេតុនេះ ចូរពួកអ្នកបន្តការស្នាក់នៅក្នុងផ្ទះរបស់ពួកអ្នកជាមួយនឹងអ្នកដែលមិនអាចចេញទៅប្រយុទ្ធឯទៀតៗ ដូចជាអ្នកជំងឺ ស្ត្រី និងក្មេងៗចុះ។