Khmer Abridged Explanation of the Quran
9:99 - 9:99

ហើយក្នុងចំណោមពួកអារ៉ាប់ជនបទនោះដែរ គឺមានអ្នកខ្លះមានជំនឿលើអល់ឡោះ និងមានជំនឿចំពោះថ្ងៃបរលោក ហើយរូបគេចាត់ទុកអ្វីដែលគេបរិច្ចាគអំពីទ្រព្យសម្បត្តិក្នុងមាគ៌ាអល់ឡោះនោះ គឺដើម្បីបញ្ជិតខ្លួនទៅចំពោះទ្រង់ និងជាមធ្យោបាយមួយដើម្បីទទួលបានការបួងសួង និងការសុំការអភ័យទោសពីអ្នកនាំសារ(របស់អល់ឡោះ)ដល់រូបគេផងដែរ។ តើពុំមែនទេឬដែលថា ពិតណាស់ ការបរិច្ចាគរបស់គេក្នុងមាគ៌ាអល់ឡោះ និងការបួងសួងរបស់អ្នកនាំសារ(របស់អល់ឡោះ)ដល់រូបគេ គឺដើម្បីបញ្ជិតខ្លួនគេទៅចំពោះអល់ឡោះនោះ? រូបគេនឹងបានឃើញផលបុណ្យរបស់វា(ការបរិច្ចាគ)នៅនឹងអល់ឡោះ ដោយទ្រង់នឹងបញ្ចូលរូបគេទៅក្នុងក្ដីមេត្តាករុណាដ៏ទូលំទូលាយរបស់ទ្រង់ ដែលពោរពេញទៅដោយការអភ័យទោស និងឋានសួគ៌របស់ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។