ហើយការសុំអភ័យទោសរបស់ព្យាការីអ៊ីព្រហ៊ីមឲ្យឳពុករបស់គាត់នោះ គឺគ្មានអ្វីក្រៅពីដោយសារតែហេតុផលដែលគាត់បានសន្យានឹងឪពុករបស់គាត់ថា នឹងសុំការអភ័យទោស(ពីអល់ឡោះ)ឲ្យគាត់ ដោយសង្ឃឹមថា គាត់នឹងចូលឥស្លាមនោះឡើយ។ តែនៅពេលដែលគេបានបញ្ជាក់ប្រាប់ដល់ព្យាការីអ៊ីព្រហ៊ីមយ៉ាងច្បាស់ថា ពិតណាស់ ឪពុករបស់គាត់ គឺជាសត្រូវរបស់អល់ឡោះ ដោយសារតែការទូន្មានរបស់គាត់(ចំពោះឪពុកគាត់)នោះ មិនបានផ្តល់ផលប្រយោជន៍អ្វីឡើយ ឬក៏គាត់បានដឹងតាមរយៈវ៉ាហ៊ី(ដែលគេផ្តល់ឲ្យគាត់បានដឹង)ថាៈ ពិតណាស់ ឪពុករបស់គាត់នឹងស្លាប់ក្នុងភាពជាអ្នកគ្មានជំនឿនោះ គាត់ក៏បានចាកចេញពីឪពុករបស់គាត់វិញ។ ហើយការសុំអភ័យទោសរបស់គាត់ឲ្យឪពុករបស់គាត់នោះ វាគឺជាការព្យាយាមរបស់គាត់ប៉ុណ្ណោះ ដោយវាមិនមែនជាការបំពានលើច្បាប់ដែលអល់ឡោះបានផ្តល់វ៉ាហ៊ីឲ្យគាត់នោះឡើយ។ ពិតប្រាកដណាស់ ព្យាការីអ៊ីព្រហ៊ីម គឺអ្នកដែលឱនលំទោនទៅចំពោះអល់ឡោះយ៉ាងច្រើនបំផុត ជាអ្នកអភ័យទោសនិងអធ្យាស្រ័យច្រើនបំផុតដល់ក្រុមរបស់គាត់ដែលជាពួកបំពាន។