ចំពោះទ្រង់តែមួយគត់ដែលជាការវិលត្រឡប់របស់ពួកអ្នកនៅថ្ងៃបរលោកដើម្បីទ្រង់នឹងតបស្នងដល់ពួកអ្នកលើទង្វើដែលពួកអ្នកបានសាង។ ហើយការសន្យារបស់អល់ឡោះចំពោះមនុស្សលោកយ៉ាងដូច្នោះនោះ គឺជាការសន្យាយ៉ាងពិតប្រាកដ ដោយទ្រង់មិនក្បត់សន្យារបស់ទ្រង់ឡើយ។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលមានសមត្ថភាពចំពោះរឿងទាំងនោះ។ ទ្រង់ជាអ្នកផ្ដើមបង្កើតអ្វីៗទាំងអស់ដោយគ្មានគំរូពីមុនមក។ បន្ទាប់មក ទ្រង់នឹងត្រឡប់គេ(ឲ្យមានវត្តមាន)សារជាថ្មីបន្ទាប់ពីគេបានស្លាប់ ដើម្បីទ្រង់នឹងតបស្នងដល់បណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងបានសាងទង្វើកុសលនោះប្រកបដោយភាពយុត្តិធម៌បំផុត ដោយទ្រង់មិនធ្វើឲ្យបាត់បង់អំពើល្អរបស់ពួកគេនោះឡើយ ហើយទ្រង់ក៏មិនបន្ថែមអំពើអាក្រក់ដល់ពួកគេនោះដែរ។ ចំណែកឯពួកដែលគ្មានជំនឿចំពោះអល់ឡោះជាម្ចាស់និងអ្នកនាំសាររបស់ទ្រង់វិញនោះ ពួកគេនឹងផឹកទឹកក្ដៅដែលកំពុងពុះ ដែលវានឹងកាត់ផ្ដាច់ពោះវៀនរបស់ពួកគេ។ ហើយពួកគេនឹងទទួលទណ្ឌកម្មយ៉ាងឈឺចាប់បំផុត ដោយសារតែភាពគ្មានជំនឿរបស់ពួកគេចំពោះអល់ឡោះជាម្ចាស់ និងបណ្តាអ្នកនាំសាររបស់ទ្រង់។