ហើយនៅពេលដែលយើងបានឲ្យពួកមុស្ហរីគីនភ្លក្សរសជាតិនៃឧបការគុណ ដូចជា ទឹកភ្លៀងនិងភាពសម្បូរហូរហៀរក្រោយពីមានគ្រោះរាំងស្ងួតនិងគ្រោះទុរភិក្សបានកើតឡើងចំពោះពួកគេនោះ ស្រាប់តែពួកគេបានចំអក ហើយបដិសេធនឹងបណ្តាភស្តុតាងរបស់យើងទៅវិញ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ អល់ឡោះជាម្ចាស់ គឺជាអ្នកដែលតបនឹងឧបាយកលដ៏លឿនបំផុត ហើយទ្រង់ក៏ជាអ្នកដែលដាក់ទណ្ឌកម្មយ៉ាងលឿនបំផុតដែរ។ ពិតប្រាកដណាស់ ម៉ាឡាអ៊ីកាត់”ហាហ្វាហ្សោះ”នឹងកត់ត្រានូវឧបាយកលដែលពួកអ្នកបានរៀបចំដោយគ្មានអ្វីមួយអាចរំលងផុតពីការកត់ត្រារបស់គេនោះឡើយ។ ដូច្នេះ តើវាអាចរំលងផុត(ពីការដឹង)ពីម្ចាស់របស់ពួកគេយ៉ាងដូចម្តេចទៅ? ហើយអល់ឡោះនឹងតបស្នងដល់ពួកអ្នកចំពោះល្បិចកលរបស់ពួកអ្នកដែលពួកអ្នកបានរៀបចំ។