ហើយនៅពេលដែលទ្រង់បានទទួលយកការបួងសួងរបស់ពួកគេ និងបានជួយសង្រ្គោះពួកគេពីគ្រោះមហន្តរាយនោះ ស្រាប់តែពួកគេបែរជាបង្កវិនាសកម្មនៅលើដែនដី ដោយពួកគេបានប្រព្រឹត្តនូវការប្រឆាំង អំពើល្មើស(នឹងអល់ឡោះ) និងអំពើបាបកម្មទៅវិញ។ ចូរពួកអ្នកប្រុងប្រយ័ត្ន(ឱមនុស្សលោក)! ជាការពិតណាស់ លទ្ធផលចុងក្រោយដ៏អាក្រក់នៃការបំពានរបស់ពួកអ្នកនោះ គឺនឹងធ្លាក់ទៅលើខ្លួនពួកអ្នកផ្ទាល់ប៉ុណ្ណោះ ពីព្រោះអល់ឡោះជាម្ចាស់មិនទទួលនូវគ្រោះថ្នាក់ដោយសារតែការបំពានរបស់ពួកអ្នកនោះឡើយ។ ពួកអ្នកគ្រាន់តែត្រេកត្រអាលនឹងជីវិតលោកិយដែលជាកន្លែងបណ្ដោះអាសន្នតែប៉ុណ្ណោះ។ ក្រោយមក ចំពោះយើងគឺជាកន្លែងវិលត្រឡប់របស់ពួកអ្នកនៅថ្ងៃបរលោក ហើយយើងនឹងប្រាប់ពួកអ្នកនូវអំពើល្មើសដែលពួកអ្នកធ្លាប់បានសាង(ក្នុងលោកិយ) ហើយយើងនឹងតបស្នងដល់ពួកអ្នកចំពោះទង្វើដែលពួកអ្នកបានសាង។