ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)និទានប្រាប់ដល់ពួកមុស្ហរីគីនដែលបដិសេធទាំងនោះនូវរឿងរ៉ាវរបស់ព្យាការីនួហ នៅពេលគាត់បានពោលទៅកាន់ក្រុមរបស់គាត់ថាៈ ឱក្រុមរបស់ខ្ញុំ! ប្រសិនបើការរស់នៅរបស់ខ្ញុំជាមួយពួកអ្នក និងការដាស់តឿនរំលឹក ហើយនិងការទូន្មានរបស់ខ្ញុំពីភស្តុតាងនានារបស់អល់ឡោះមានភាពធ្ងន់ធ្ងរសម្រាប់ពួកអ្នក រហូតដល់ពួកអ្នកមានបំណងចង់សម្លាប់ខ្ញុំនោះ ដូច្នេះ ចំពោះអល់ឡោះជាម្ចាស់តែមួយគត់ដែលខ្ញុំប្រគល់ការទុកចិត្តនៅក្នុងបំផ្លាញឧបាយកលរបស់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកសម្រេចកិច្ចការរបស់ពួកអ្នក និងប្តេជ្ញាចិត្តក្នុងការបំផ្លាញខ្ញុំចុះ ហើយចូរពួកអ្នកអំពាវនាវហៅព្រះនានារបស់ពួកអ្នកដើម្បីឲ្យពួកគេមកជួយពួកអ្នកចុះ។ បន្ទាប់មក កុំឲ្យល្បិចកលរបស់ពួកអ្នកក្លាយជារឿងអាថ៌កំបាំងឲ្យសោះ(សូមធ្វើវាដោយបើកចំហ)។ ក្រោយមកទៀត បន្ទាប់ពីការរៀបចំឧបាយកលរបស់ពួកអ្នកដើម្បីសម្លាប់ខ្ញុំហើយនោះ ចូរពួកអ្នកដាក់ទោសខ្ញុំតាមអ្វីដែលពួកអ្នកចង់ដាក់ទោសចុះ ហើយចូរពួកអ្នកកុំពន្យារពេលដល់ខ្ញុំឲ្យសោះ។