មិនស្មើគ្នាទេ ព្យាការីមូហាំម៉ាត់ ជាអ្នកដែលមាននៅជាមួយគេនូវភស្តុតាងពីម្ចាស់របស់គេ ហើយមានសាក្សីមកពីម្ចាស់របស់គេទៀត នោះគឺម៉ាឡាអ៊ីកាត់ជីព្រីល ព្រមទាំងមានសាក្សីពីមុនមកផងដែរដែលបញ្ជាក់ពីភាពជាព្យាការីរបស់គេ នោះគឺគម្ពីរតាវរ៉តដែលបានបញ្ចុះទៅលើព្យាការីមូសា ដែលជាគំរូមួយសម្រាប់មនុស្សលោក និងជាក្តីអាណិតស្រឡាញ់ចំពោះពួកគេនោះ។ គេ(ព្យាការីមូហាំម៉ាត់) និងបណ្តាអ្នកដែលមានជំនឿជាមួយគេនោះ មិនស្មើគ្នានោះទេជាមួយនឹងពួកប្រឆាំងដែលងប់ងុលក្នុងភាពវង្វេងនោះ។ អ្នកទាំងនោះ ពួកគេមានជំនឿនឹងគម្ពីរគួរអាន និងមានជំនឿចំពោះព្យាការីមូហាំម៉ាត់ដែលគេបានបញ្ចុះគម្ពីរគួរអានទៅកាន់គាត់។ ហើយជនណាដែលប្រឆាំងនឹងវា(គម្ពីរគួរអាន)ក្នុងចំណោមអ្នកដែលកាន់តាមសាសនាដទៃនោះ ពិតណាស់នាថ្ងៃបរលោក ឋាននរកគឺជាកន្លែងសន្យាសម្រាប់ពួកគេ។ ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំមានការមន្ទិលសង្ស័យចំពោះគម្ពីរគួរអាន និងការសន្យា(ដាក់ទណ្ឌកម្ម)ចំពោះពួកគេឲ្យសោះ ពីព្រោះ វាគឺជាការពិតដែលគ្មានការសង្ស័យនៅក្នុងវានោះឡើយ។ ក៏ប៉ុន្តែមនុស្សភាគច្រើនគ្មានជំនឿនោះទេ ទោះបីជាមានភស្តុតាងនិងអំណះអំណាងយ៉ាងច្បាស់លាស់ជាច្រើនយ៉ាងណាក៏ដោយ។