ហើយខ្ញុំបានដើរតាមសាសនារបស់ជីដូនជីតារបស់ខ្ញុំ គឺសាសនារបស់ព្យាការីអ៊ីព្រហ៊ីម ព្យាការីអ៊ីស្ហាក និងព្យាការីយ៉ាក់កូប ពោលគឺជាសាសនាដែលគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ មិនត្រឹមត្រូវនោះឡើយសម្រាប់ពួកយើងក្នុងការធ្វើស្ហ៊ីរិកចំពោះទ្រង់នូវអ្វីមួយនោះ។ ទ្រង់គឺជាព្រះជាម្ចាស់ដ៏ពិតប្រាកដតែមួយគត់។ ការមានជំនឿចំពោះអល់ឡោះ និងគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ដែលខ្ញុំនិងជីដូនជីតារបស់ខ្ញុំស្ថិតនៅលើវានេះហើយ ដែលជាការប្រោសប្រទានរបស់អល់ឡោះចំពោះពួកយើង ដោយទ្រង់បានចង្អុលបង្ហាញពួកយើងទៅកាន់វានោះ។ ហើយក៏ជាការប្រោសប្រទានរបស់ទ្រង់ចំពោះមនុស្សលោកទាំងអស់ផងដែរ ខណៈដែលទ្រង់បានចាត់តាំងបណ្តាព្យាការីជាច្រើនទៅកាន់ពួកគេដោយពាំនាំនូវជំនឿនេះទៅកាន់ពួកគេនោះ។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនថ្លែងអំណរគុណអល់ឡោះចំពោះឧបការគុណរបស់ទ្រង់នោះឡើយ។ ផ្ទុយទៅវិញ ពួកគេបានរមិលគុណចំពោះទ្រង់។