អ្វី(ព្រះនានា)ដែលពួកអ្នកកំពុងគោរពសក្ការៈក្រៅពីអល់ឡោះនោះ គ្រាន់តែជាឈ្មោះដែលពួកអ្នក និងជីដូនជីតារបស់ពួកអ្នកបានដាក់ឈ្មោះ(ហៅ)ពួកវាថាជាព្រះប៉ុណ្ណោះ ដោយពួកវាគ្មានចំណែកបន្តិចសោះឡើយក្នុងភាពជាព្រះដែលត្រូវគោរពសក្ការៈនោះ។ អល់ឡោះជាម្ចាស់ទ្រង់ក៏មិនបានបញ្ចុះភស្តុតាងដែលបញ្ជាក់ទៅលើភាពត្រឹមត្រូវនៃការដាក់ឈ្មោះរបស់ពួកអ្នកដែលពួកអ្នកដាក់ឈ្មោះឲ្យពួកវា(ថាជាព្រះ)នោះដែរ។ ការកាត់សេចក្តីចំពោះម៉ាខ្លូកទាំងឡាយ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់ មិនមែនជាកម្មសិទ្ធិរបស់ព្រះទាំងនោះដែលពួកអ្នកនិងជីដូនជីតារបស់ពួកអ្នកបានដាក់ឈ្មោះឲ្យវានោះទេ(គឺមានតែអល់ឡោះតែមួយគត់ដែលអាចកាត់សេចក្តីបាន)។ អល់ឡោះជាម្ចាស់ទ្រង់បានដាក់បទបញ្ជាលើពួកអ្នកឲ្យគោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងហាមឃាត់ពួកអ្នកមិនឲ្យយកអ្នកផ្សេងមកធ្វើស្ហ៊ីរិកជាមួយនឹងទ្រង់ឡើយ។ ការមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់នោះហើយជាសាសនាដ៏ត្រឹមត្រូវ ដែលគ្មានភាពវៀចវេរនៅក្នុងវានោះឡើយ។ ក៏ប៉ុន្តែមនុស្សលោកភាគច្រើនពួកគេមិនដឹងដូច្នោះឡើយ។ ហេតុនេះហើយទើបពួកគេធ្វើស្ហ៊ីរិកចំពោះអល់ឡោះ ដោយពួកគេបែរជាគោរពសក្ការៈទៅចំពោះម៉ាខ្លូកមួយចំនួនរបស់ទ្រង់ទៅវិញ។