ដូចនេះ គេក៏បានឲ្យពួកគេត្រឡប់ទៅកាន់ព្យាការីយូសុះវិញដើម្បីឲ្យព្យាការីយូសុះឆែកឆេរថង់របស់ពួកគេ។ គាត់ក៏ចាប់ផ្តើមឆែកឆេរថង់ឥវ៉ាន់បងប្អូនរបស់គាត់ដែលមិនមែនជាប្អូនប្រុសបង្កើតរបស់គាត់(ពុនយ៉ាមីន)មុននឹងឆែកឆេរថង់ឥវ៉ាន់របស់ប្អូនប្រុសបង្កើតរបស់គាត់ ដើម្បីបិទបាំងពីផែនការរបស់គាត់។ បន្ទាប់មក គាត់ក៏បានឆែកឆេរថង់ប្អូនប្រុសបង្កើតរបស់គាត់ ហើយក៏បានបញ្ចេញនូវផ្តិលមាសរបស់ស្តេចចេញពីថង់នោះ។ ដូចដែលយើងបានរៀបចំផែនការរបស់យើងឲ្យព្យាការីយូសុះដោយបានរៀបចំឲ្យគេ(ព្យាការីយូសុះ)ដាក់ផ្តិលទៅក្នុងថង់ប្អូនប្រុសរបស់គេនោះដែរ យើងក៏បានរៀបចំផែនការមួយផ្សេងទៀតឲ្យគេដើម្បីឲ្យគេអាចយកប្អូនប្រុសរបស់គេចេញពីការទទួលទណ្ឌកម្មដែលបានកំណត់នៅក្នុងប្រទេសចំពោះបទល្មើសនៃការលួច។ កិច្ចការនេះមិនអាចទៅរួចឡើយ ប្រសិនបើគេអនុវត្តន៍នូវទណ្ឌកម្មរបស់ស្តេចចំពោះចោរលួចនោះ (ទណ្ឌកម្មនោះ)គឺការវាយ និងការផាកពិន័យ លើកលែងតែអល់ឡោះជាម្ចាស់ទ្រង់មានចេតនារៀបចំនូវផែនការផ្សេងទៀតប៉ុណ្ណោះ ហើយទ្រង់ពិតជាមានសមត្ថភាពក្នុងរឿងនេះ។ យើង(អល់ឡោះ)លើកកម្ពស់ឋានៈចំពោះជនណាដែលយើងមានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់យើងដូចដែលយើងបានលើកតម្កើងឋានៈរបស់ព្យាការីយូសុះដូច្នោះដែរ។ ហើយនៅពីលើរាល់ៗអ្នកដែលមានចំណេះដឹងនោះ គឺមានអ្នកដែលមានចំណេះដឹងជាងរូបគេទៅទៀត ហើយនៅពីលើរាល់ចំណេះដឹងទាំងអស់នោះ គឺចំណេះដឹងរបស់អល់ឡោះដែលទ្រង់ដឹងនូវរាល់អ្វីៗទាំងអស់។