Khmer Abridged Explanation of the Quran
12:100 - 12:100

ហើយព្យាការីយូសុះបានឲ្យឪពុកម្តាយរបស់គាត់អង្គុយនៅលើកៅអីដែលគាត់អង្គុយនោះ រួចមកឪពុកម្តាយរបស់គាត់ និងបងប្អូនរបស់គាត់ទាំងដប់មួយនាក់ក៏បានស្វាគមន៍ចំពោះគាត់ដោយឱនស៊ូជោត ហើយការឱនស៊ូជោតនោះ គឺក្នុងន័យគោរពលើកតម្កើងប៉ុណ្ណោះ ពុំមែនក្នុងន័យជាការគោរពបូជា(ចំពោះគាត់)នោះទេ ដើម្បីជាការបញ្ជាក់ពីកិច្ចការរបស់អល់ឡោះ ដូចដែលព្យាការីយូសុះបានឃើញនៅក្នុងសុបិន្តរបស់គាត់(កាលពីច្រើនឆ្នាំមុន)។ នៅពេលនោះ ព្យាការីយូសុះក៏បានពោលទៅកាន់ឪពុករបស់គាត់ថាៈ ឱឪពុកជាទីស្រឡាញ់របស់ខ្ញុំ! ការស្វាគមន៍ដោយការឱនស៊ូជោតរបស់ពួកអ្នកមកចំពោះខ្ញុំនេះហើយដែលជាអត្ថន័យនៃសុបិន្តរបស់ខ្ញុំដែលខ្ញុំបានសុបិន្តឃើញវាកាលពីពេលមុន ហើយដែលខ្ញុំបាននិទានវាប្រាប់ដល់ពុកនោះ។ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំទ្រង់បានធ្វើឲ្យវាក្លាយជាការពិតដោយឲ្យវាកើតឡើងពិតប្រាកដមែន។ ហើយពិតណាស់ ម្ចាស់របស់ខ្ញុំទ្រង់បានធ្វើល្អមកចំពោះខ្ញុំ ដោយទ្រង់បានបញ្ចេញខ្ញុំពីមន្ទីរឃុំឃាំង និងបាននាំអ្នកទាំងអស់គ្នាចេញពីទីជនបទ(មកកាន់ទីនេះ) ក្រោយពីស្ហៃតនបានបំបែកបំបាក់ររវាងខ្ញុំនិងបងប្អូនរបស់ខ្ញុំ។ ជាការពិតណាស់ ម្ចាស់របស់ខ្ញុំទ្រង់មហាទន់ភ្លន់បំផុតក្នុងការចាត់ចែងរបស់ទ្រង់ចំពោះអ្វីដែលទ្រង់មានចេតនា។ ហើយពិតណាស់ ទ្រង់មហាដឹងបំផុតពីស្ថានភាពរបស់ខ្ញុំបម្រើទ្រង់ និងមហាគតិបណ្ឌិតក្នុងការចាត់ចែងរបស់ទ្រង់។