អល់ឡោះជាម្ចាស់ គឺជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់ដែលត្រូវបានលើកយ៉ាងខ្ពស់ដោយគ្មានសសរនោះឡើយ ដូចដែលពួកអ្នកបានឃើញ(ផ្ទាល់នឹងភ្នែកស្រាប់)។ ក្រោយមក ទ្រង់គង់នៅលើអារ៉ស្ហ ប្រកបដោយភាពខ្ពង់ខ្ពស់ដែលសាកសមនឹងទ្រង់ ដោយគ្មានការប្រៀបធៀប និងការប្រៀបប្រដូចឡើយ។ ហើយទ្រង់បានបង្កើតព្រះអាទិត្យនិងព្រះចន្ទ ដើម្បីផ្តល់នូវគុណប្រយោជន៍ជាច្រើនដល់ម៉ាខ្លូករបស់ទ្រង់។ ទាំងព្រះអាទិត្យនិងព្រះចន្ទ សុទ្ធតែធ្វើដំណើរតាមគន្លងរបស់វាយ៉ាងជាក់លាក់នៅក្នុងការដឹងរបស់អល់ឡោះ។ ទ្រង់ចាត់ចែងកិច្ចការរបស់ទ្រង់នៅក្នុងមេឃជាច្រើនជាន់និងផែនដីនូវអ្វីដែលទ្រង់មានចេតនា។ ទ្រង់បញ្ជាក់នូវភស្តុតាងទាំងឡាយដែលបង្ហាញទៅលើសមត្ថភាពរបស់ទ្រង់(ដល់ពួកអ្នក) សង្ឃឹមថាពួកអ្នកជឿជាក់ចំពោះការជួបនឹងម្ចាស់របស់ពួកអ្នកនាថ្ងៃបរលោក។ ដូចនេះ ពួកអ្នកត្រៀមសម្រាប់ថ្ងៃនោះដោយការសាងនូវទង្វើកុសលនានាចុះ។