ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានការងឿងឆ្ងល់ពីរឿងអ្វីមួយនោះ ពិតប្រាកដណាស់ អ្វីដែលអ្នកគួរឆ្ងល់នោះ គឺការបដិសេធរបស់ពួកគេចំពោះការពង្រស់(មនុស្សឲ្យរស់)ឡើងវិញ ហើយនិងពាក្យសម្តីរបស់ពួកគេដែលបាននិយាយលើកហេតុផល(មកបញ្ជាក់)ចំពោះការបដិសេធរបស់ពួកគេនេះថាៈ តើនៅពេលដែលពួកយើងបានស្លាប់ ហើយបានក្លាយទៅជាដី ព្រមទាំងឆ្អឹងរបស់ពួកយើងពុកផុយរលាយបាត់រូបរាងហើយនោះ តើពួកយើងត្រូវគេពង្រស់ឲ្យរស់ឡើងវិញម្តងទៀតឬ? ពួកដែលបដិសេធពីការរស់ឡើងវិញក្រោយពេលស្លាប់ទាំងនោះហើយ គឺជាពួកដែលប្រឆាំងនឹងម្ចាស់របស់ពួកគេ។ ដូចនេះហើយទើបពួកគេបដិសេធចំពោះសមត្ថភាពរបស់ទ្រង់ក្នុងពង្រស់មនុស្សស្លាប់(ឲ្យរស់ឡើងវិញ)។ ហើយពួកទាំងនោះនឹងត្រូវគេដាក់ច្រវាក់អំពីភ្លើងនរកនៅលើករបស់ពួកគេនាថ្ងៃបរលោក។ ពួកទាំងនោះហើយ គឺជាពួកឋាននរក ដោយពួកគេនឹងស្ថិតនៅទីនោះជាអមតៈ ដោយភាពវិនាសអន្តរាយមិនប៉ះពាល់ដល់ពួកគេនោះទេ(ពួកគេមិនស្លាប់ម្តងទៀតនោះទេ) ហើយគេក៏មិនកាត់ផ្តាច់(បញ្ឈប់)ទណ្ឌកម្មពីពួកគេនោះដែរ។