ហើយពួកមុស្ហរីគីនសុំឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដាក់ទណ្ឌកម្មដល់ពួកគេភ្លាមៗ ហើយពួកគេក៏សុំឲ្យទណ្ឌកម្មនោះធ្លាក់ទៅលើពួកគេ មុននឹងពួកគេទទួលបានពេញលេញនូវឧបការគុណដែលអល់ឡោះបានកំណត់សម្រាប់ពួកគេ។ ពិតប្រាកដណាស់ ទណ្ឌកម្មបែបនេះបានកើតឡើងរួចមកហើយចំពោះប្រជាជាតិដែលបដិសេធជំនាន់ពួកគេ។ ដូច្នេះ ហេតុអ្វីបានជាពួកគេមិនយកវាធ្វើជាមេរៀន? ហើយពិតណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់ពោរពេញដោយការអនុគ្រោះដល់មនុស្សលោកចំពោះការបំពានរបស់ពួកគេ។ ហេតុនេះហើយទើបទ្រង់មិនដាក់ទណ្ឌកម្មពួកគេភ្លាមៗនោះទេ ដើម្បីឲ្យពួកគេសារភាពទោសកំហុសចំពោះអល់ឡោះ។ ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាបំផុតចំពោះពួកដែលនៅតែបន្តស្ថិតនៅលើការប្រឆាំងរបស់ពួកគេដដែល ប្រសិនបើពួកគេមិនព្រមសារភាពកំហុស(ចំពោះទ្រង់)ទេនោះ។