Khmer Abridged Explanation of the Quran
13:17 - 13:17

ហើយអល់ឡោះជាម្ចាស់ទ្រង់បានលើកឧទាហរណ៍ដើម្បីបញ្ជាក់ពីការសាបសូន្យនៃសេចក្តីមិនពិត និងភាពគង់វង្សនៃសេចក្តីពិតនោះ(ដោយទ្រង់បានប្រៀបធៀបវា)ទៅនឹងទឹកភ្លៀងដែលបញ្ចុះពីលើមេឃ ហើយវាក៏បានហូរទៅតាមជ្រលងរបស់វា។ រាល់ជ្រលងនីមួយៗ គឺអាស្រ័យទៅតាមទំហំរបស់វា តូច ឬធំ ហើយវាបាននាំមកនូវពពុះដែលអណ្តែតនៅពីលើផ្ទៃទឹក។ ហើយទ្រង់បានលើកយកឧទាហរណ៍មួយផ្សេងទៀតដើម្បីបញ្ជាក់ទៅលើវាទាំងពីរដែរ គឺលោហធាតុដែលមនុស្សយកវាទៅដុតនៅក្នុងភ្លើងដើម្បីចម្រាញ់ជាគ្រឿងអលង្កា ឬរបស់ប្រើប្រាស់ ក៏វាមានពពុះដូចគ្នាដែរ។ តាមរយៈឧទាហរណ៍ទាំងពីរនេះហើយដែលអល់ឡោះទ្រង់បានធ្វើការប្រៀបធៀបរវាងប្រការពិត និងប្រការមិនពិត។ ពិតណាស់ ប្រការមិនពិត គឺប្រៀបដូចជាពពុះដែលអណ្តែតនៅលើផ្ទៃទឹក។ ហើយក៏ដូចគ្នាដែរ ពពុះនៃលោហធាតុដែលគេដុតនោះ។ ចំណែកឯប្រការពិតវិញ គឺប្រៀបដូចជាទឹកបរិសុទ្ធដែលគេអាចយកមកទទួលទានបាន អាចធ្វើឲ្យរុក្ខជាតិមានផ្លែផ្កា និងធ្វើឲ្យស្មៅដុះ។ ហើយក៏ដូចគ្នាដែរ អ្វីដែលគេបានចម្រាញ់ចេញពីលោហធាតុនោះដែលផ្តល់ផលប្រយោជន៍ដល់មនុស្សលោក។ ដូចដែលអល់ឡោះបានលើកឧទាហរណ៍ទាំងពីរនេះដែរ ទ្រង់បានលើកឧទាហរណ៍ជាច្រើនទៀតសម្រាប់មនុស្សលោកដើម្បីបញ្ជាក់ពីប្រការដែលពិត និងប្រការដែលមិនពិត។