ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកប្រឆាំងដែលគោរពសក្ការៈចំពោះអ្នកផ្សេងរួមនឹងអល់ឡោះថាៈ តើអ្នកណាជាអ្នកដែលបង្កើតមេឃជាច្រើនជាន់និងផែនដី និងជាអ្នករៀបចំនូវកិច្ចការរបស់វាទាំងពីរនោះ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេចុះថាៈ អល់ឡោះជាម្ចាស់ ទ្រង់គឺជាអ្នកដែលបង្កើតវាទាំងពីរ និងជាអ្នករៀបចំនូវកិច្ចការរបស់វាទាំងពីរ ហើយពួកអ្នកក៏ទទួលស្គាល់ដូចនេះដែរ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេទៀតថាៈ ដូច្នេះ តើពួកអ្នកយកអ្នកផ្សេងក្រៅពីអល់ឡោះធ្វើជាអ្នកគាំពារសម្រាប់ពួកអ្នក ទាំងដែលពួកវាជាពួកអសមត្ថភាព ដែលពួកវាមិនមានសមត្ថភាពអ្វី សូម្បីតែផ្តល់ផលប្រយោជន៍ដល់ខ្លួនឯង ឬការពារគ្រោះថ្នាក់ពីខ្លួនឯងបានផងនោះឬ? ដូចនេះ តើពួកវាអាចផ្តល់ផលប្រយោជន៍ ឬការពារគ្រោះថ្នាក់ឱ្យអ្នកដទៃបានយ៉ាងដូចម្តេច? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ តើស្មើគ្នាដែរឬទេរវាងពួកគ្មានជំនឿដែលមិនអាចមើលឃើញ និងអ្នកមានជំនឿដែលអាចមើលឃើញដែលទទួលបាននូវការចង្អុលបង្ហាញនោះ? ឬក៏ តើស្មើគ្នាដែរឬទេរវាងភាពគ្មានជំនឿដែលជាភាពងងឹតសូន្យសុង និងការមានជំនឿដែលជាពន្លឺរស្មីនោះ? ឬមួយពួកគេបានយកព្រះនានាមកធ្វើជាដៃគូជាមួយអល់ឡោះនៅក្នុងការបង្កើត ហើយថាព្រះទាំងនោះបានបង្កើតអ្វីៗដូចការបង្កើតរបស់ទ្រង់ដែរនោះ ដែលធ្វើឱ្យពួកគេភ័ន្តច្រឡំរវាងអ្វីដែលអល់ឡោះបង្កើត និងអ្វីដែលព្រះនានារបស់ពួកគេបានបង្កើត។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ អល់ឡោះជាម្ចាស់តែមួយគត់ដែលជាអ្នកបង្កើតអ្វីៗទាំងអស់ដោយគ្មានដៃគូរួមជាមួយទ្រង់ក្នុងការបង្កើតនេះឡើយ ហើយទ្រង់តែមួយគត់ដែលជាម្ចាស់ដែលត្រូវគោរពសក្ការៈដែលស័ក្ដិសមនឹងត្រូវគេគោរពសក្ការៈតែមួយគត់ ហើយទ្រង់មហាខ្លាំងពូកែលើអ្វីៗទាំងអស់។