ដូច្នេះ តើអ្នកដែលជាអ្នកថែរក្សានូវលាភសក្ការៈរបស់គ្រប់ម៉ាខ្លូកទាំងអស់ និងជាអ្នកឃ្លាំមើលរាល់បុគ្គលគ្រប់រូបនូវទង្វើដែលពួកគេប្រព្រឹត្ត ហើយតបស្នងចំពោះទង្វើដែលពួកគេបានធ្វើ គួរតែជាអ្នកដែលសាកសមត្រូវបានគេគោរពសក្ការៈ ឬក៏រូបសំណាក់ទាំងនោះដែលគ្មានសិទ្ធិអ្វីសោះនោះគួរត្រូវបានពួកអ្នកគោរពសក្ការៈ? ហើយពួកប្រឆាំងទាំងនោះបានយកព្រះនានាមកធ្វើជាដៃគូជាមួយអល់ឡោះជាម្ចាស់ដោយបំពាននិងដោយខុសឆ្គង។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ ចូរពួកអ្នករៀបរាប់ឈ្មោះព្រះនានាដែលពួកអ្នកគោរពសក្ការៈចំពោះពួកវាជាមួយនឹងអល់ឡោះនោះឲ្យពួកយើងមក ប្រសិនបើពួកអ្នកពិតជាអ្នកដែលត្រឹមត្រូវចំពោះការអះអាងរបស់ពួកអ្នកមែននោះ ឬមួយពួកអ្នកប្រាប់អល់ឡោះនូវអ្វីដែលទ្រង់មិនបានដឹង ដែលថានៅលើផែនដីនេះទ្រង់មានដៃគូនោះ? ឬមួយពួកអ្នកប្រាប់ទ្រង់ដោយគ្រាន់តែស្តែងចេញនូវពាក្យសម្តីដែលគ្មានការពិតចំពោះវានោះឬ? ផ្ទុយទៅវិញ ស្ហៃតនបានលម្អចំពោះពួកដែលប្រឆាំងដោយប្រើឧបាយកលដ៏អាក្រក់។ ដូច្នេះ ពួកគេក៏ប្រឆាំងនឹងអល់ឡោះ ហើយវា(ស្ហៃតន)ក៏បានបង្វែរពួកគេចេញពីមាគ៌ានៃការចង្អុលបង្ហាញ។ ហើយជនណាហើយដែលអល់ឡោះបានធ្វើឲ្យគេវង្វេងចេញពីមាគ៌ានៃការចង្អុលបង្ហាញហើយនោះ គឺរូបគេនឹងគ្មានអ្នកចង្អុលបង្ហាញនោះឡើយ។