Khmer Abridged Explanation of the Quran
14:10 - 14:10

បណ្តាអ្នកនាំសាររបស់ពួកគេបាននិយាយតបទៅកាន់ពួកគេវិញថាៈ តើការមានជំនឿចំពោះអល់ឡោះជាម្ចាស់ និងការទទួលយកទ្រង់តែមួយគត់ដើម្បីគោរពសក្ការៈនោះ ពួកអ្នកមានការសង្ស័យឬ ខណៈដែលទ្រង់គឺជាអ្នកដែលបង្កើតមេឃជាច្រើនជាន់និងជាអ្នកដែលបង្កើតផែនដី ហើយធ្វើឲ្យវាទាំងពីរកើតមានឡើងដោយគ្មានគំរូពីមុនមកសោះនោះ? ទ្រង់អំពាវនាវពួកអ្នកទៅកាន់ការមានជំនឿចំពោះទ្រង់(តែមួយគត់) ដើម្បីទ្រង់លុបលាងបាបកម្មរបស់ពួកអ្នកពីមុន ហើយទ្រង់ពន្យារពេលដល់ពួកអ្នករហូតដល់ពេលវេលាកំណត់នៃអាយុជីវិតរបស់ពួកអ្នកនៅក្នុងឆាកជីវិតលោកិយ(បានមកដល់)។ ក្រុមរបស់ពួកគេបាននិយាយទៅកាន់ពួកគេវិញថាៈ ពួកអ្នកគ្រាន់តែជាមនុស្សធម្មតាដូចពួកយើងប៉ុណ្ណោះ ដោយពួកអ្នកគ្មានលក្ខណៈពិសេសអ្វីលើសពួកយើងឡើយ។ ពួកអ្នកចង់បង្វែរពួកយើងពីការគោរពសក្ការៈចំពោះអ្វីដែលជីដូនជីតារបស់ពួកយើងធ្លាប់បានគោរពសក្ការៈប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកនាំមកឲ្យពួកយើងនូវភស្តុតាងដ៏ច្បាស់លាស់មួយដែលបង្ហាញទៅលើភាពស្មោះត្រង់របស់ពួកអ្នកចំពោះអ្វីដែលពួកអ្នកអះអាងថា ពិតណាស់ពួកអ្នក គឺពិតជាអ្នកនាំសារពីអល់ឡោះមកកាន់ពួកយើងពិតមែន។