បណ្តាអ្នកនាំសាររបស់ពួកគេបានតបទៅកាន់ពួកគេវិញថាៈ ពួកយើងគ្មានអ្វីក្រៅពីជាមនុស្សលោកធម្មតាដូចពួកអ្នករាល់គ្នាដែរ ហើយពួកយើងមិនបដិសេធនូវភាព(ជាមនុស្ស)ដូចគ្នានឹងពួកអ្នកនេះនោះទេ ក៏ប៉ុន្តែ ភាពដូចគ្នានេះ មិនចាំបាច់ត្រូវតែដូចគ្នាគ្រប់អ្វីៗទាំងអស់នោះទេ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់លើកតម្កើងដោយការប្រោសប្រទានជាពិសេសរបស់ទ្រង់ចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ដោយអល់ឡោះបានជ្រើសរើសពួកគេធ្វើជាអ្នកនាំសារទៅកាន់មនុស្សលោក។ ហើយពួកយើងពុំអាចនាំមកនូវសញ្ញាភស្តុតាងណាមួយមកកាន់ពួកអ្នកតាមការស្នើសុំរបស់ពួកអ្នកនោះទេ លើកលែងតែដោយចេតនារបស់អល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ជាការពិតណាស់ ការនាំមក(នូវសញ្ញាភស្តុតាង)នេះ គឺមិនមែនស្ថិតក្រោមដែនសមត្ថភាពរបស់ពួកយើង(ដែលជាអ្នកនាំសារ)ឡើយ ផ្ទុយទៅវិញ គឺអល់ឡោះជាម្ចាស់តែមួយគត់ដែលមានសមត្ថភាពចំពោះរឿងនោះ ហើយអល់ឡោះជាម្ចាស់តែមួយគត់ដែលអ្នកមានជំនឿទាំងឡាយប្រគល់ការទុកចិត្តរាល់កិច្ចការរបស់ពួកគេចំពោះទ្រង់។