ហើយនៅពេលដែលបណ្តាអ្នកឋានសួគ៌បានចូលក្នុងឋានសួគ៌អស់ ហើយពួកឋាននរកបានចូលឋាននរកអស់ អ៊ីព្លិសបាននិយាយថាៈ ជាការពិតណាស់ អល់ឡោះបានសន្យាជាមួយពួកអ្នក គឺការសន្យាមួយដែលពិតប្រាកដ។ ដូច្នេះ ទ្រង់ក៏បានតបស្នងឲ្យពួកអ្នកចំពោះអ្វីដែលទ្រង់បានសន្យាជាមួយពួកអ្នក(ពិតប្រាកដមែន)។ ចំណែកខ្ញុំវិញ ខ្ញុំបានសន្យាជាមួយពួកអ្នក ដែលជាការសន្យាមួយដែលភូតកុហក(ជាការសន្យាបោកប្រាស់)។ ដូចនេះ ខ្ញុំក៏មិនអាចគោរពតាមនូវអ្វីដែលខ្ញុំបានសន្យាជាមួយពួកអ្នកនោះដែរ។ ខ្ញុំគ្មានអំណាចអ្វីដែលអាចគាបសង្កត់បង្ខិតបង្ខំពួកអ្នកនៅក្នុងលោកិយឲ្យពួកអ្នកប្រឆាំង និងវង្វេងឡើយ ប៉ុន្តែខ្ញុំគ្រាន់តែអំពាវនាវពួកអ្នកទៅកាន់ការប្រឆាំង ហើយខ្ញុំបានតុបតែងលម្អដល់ពួកអ្នកនូវទង្វើបាបកម្មទាំងឡាយ(ឲ្យមើលទៅឃើញថាល្អ)ប៉ុណ្ណោះ តែពួកអ្នករួសរាន់មកគោរពតាមខ្ញុំ។ ហេតុនេះ ចូរពួកអ្នកកុំបន្ទោសខ្ញុំឲ្យសោះចំពោះអ្វីដែលបានកើតឡើងចំពោះពួកអ្នកនៃការវង្វេងនោះ តែពួកអ្នកត្រូវបន្ទោសខ្លួនឯងវិញ ទើបវាសាកសមត្រូវបន្ទោសជាង។ ខ្ញុំមិនមែនជាអ្នកដែលអាចជួយការពារពួកអ្នកពីទណ្ឌកម្មបាននោះឡើយ ហើយពួកអ្នកក៏មិនមែនជាអ្នកដែលអាចជួយការពារខ្ញុំពីទណ្ឌកម្មបាននោះដែរ។ ជាការពិតណាស់ ខ្ញុំបានដកខ្លួនចេញពីការដែលពួកអ្នកយកខ្ញុំធ្វើជាដៃគូជាមួយអល់ឡោះក្នុងការគោរពសក្ការៈហើយ។ ពិតប្រាកដណាស់ ពួកដែលបំពាន(ដោយការធ្វើស្ហ៊ីរិកចំពោះអល់ឡោះនៅក្នុងលោកិយ និងការប្រឆាំងនឹងទ្រង់នោះ) ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុតដែលកំពុងតែរង់ចាំពួកគេនាថ្ងៃបរលោក។