ហើយមានគេនិយាយទៅកាន់បណ្តាអ្នកដែលគោរពកោតខ្លាចម្ចាស់របស់គេដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ថាៈ តើម្ចាស់របស់ពួកអ្នកបានបញ្ចុះអ្វីទៅកាន់ព្យាការីរបស់ពួកអ្នក មូហាំម៉ាត់ នោះ? ពួកគេបានឆ្លើយថាៈ អល់ឡោះជាម្ចាស់បានបញ្ចុះទៅកាន់គាត់នូវប្រការល្អដ៏ធំធេងបំផុត។ សម្រាប់បណ្តាអ្នកដែលធ្វើបានល្អនៅក្នុងការគោរពសក្ការៈ(របស់ពួកគេ)ចំពោះអល់ឡោះ និងធ្វើបានល្អនៅក្នុងការទំនាក់ទំនង(របស់ពួកគេ)ជាមួយនឹងម៉ាខ្លូកទាំងឡាយរបស់ទ្រង់នៅក្នុងលោកិយនេះ គឺនឹងទទួលបាននូវផលល្អ ក្នុងនោះមានដូចជា ការទទួលបាននូវការជួយ និងការទទួលបាននូវលាភសក្ការៈទូលំទូលាយជាដើម។ ចំណែកឯអ្វីដែលអល់ឡោះទ្រង់បានសន្យាថានឹងផ្តល់វាឲ្យពួកគេនៃផលតបស្នងនៅថ្ងៃបរលោកនោះ គឺល្អប្រសើរសម្រាប់ពួកគេជាងអ្វីដែលអល់ឡោះផ្តល់ឲ្យពួកគេភ្លាមៗនៅក្នុងលោកិយនេះទៅទៀត។ ហើយលំនៅឋានរបស់អ្នកដែលគោរពកោតខ្លាចម្ចាស់របស់ពួកគេដោយអនុវត្តនូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់នោះ គឺល្អប្រសើរបំផុត នោះគឺលំនៅដ្ឋាននាថ្ងៃបរលោក(ឋានសួគ៌)។