ហើយអល់ឡោះជាម្ចាស់ទ្រង់បានលើកយកនូវឧទាហរណ៍មួយផ្សេងទៀតដើម្បីឆ្លើយតបទៅកាន់ពួកគេ នោះគឺឧទាហរណ៍នៃបុរសពីរនាក់ ៖ ម្នាក់ក្នុងចំណោមគេទាំងពីរ គឺជាមនុស្សគដែលស្តាប់មិនឮ និងមិនអាចនិយាយបាន ហើយក៏មិនអាចយល់អ្វីបានដែរដោយសារតែភាពថ្លង់ និងគរបស់គេ។ គេគ្មានសមត្ថភាពក្នុងការផ្តល់ផលប្រយោជន៍ដល់ខ្លួនឯងនិងអ្នកដទៃនោះឡើយ ហើយរូបគេគឺជាបន្ទុកដ៏ធ្ងន់ធ្ងរចំពោះអាណាព្យាបាលរបស់គេនិងអ្នកដែលគាំពារចំពោះកិច្ចការរបស់គេ។ ទោះបីជាគេ(អាណាព្យាបាល)ប្រើឲ្យជននោះទៅទីណាក៏ដោយ ក៏គេមិនដែលនាំមកវិញនូវប្រការល្អនោះទេ ហើយក៏មិនអាចនាំមកនូវអ្វីដែលគេចង់បាននោះដែរ។ តើអ្នកដែលមានស្ថានភាពបែបនេះមានភាពស្មើគ្នាជាមួយនឹងអ្នកដែលអាចស្តាប់បាន និងអាចនិយាយបានដែលអាចផ្តល់នូវផលប្រយោជន៍យ៉ាងច្រើន ដោយគេប្រើមនុស្សឲ្យប្រកាន់ខ្ជាប់នឹងភាពយុត្តិធម៌ ហើយរូបគេខ្លួនឯងក៏ស្ថិតនៅលើមាគ៌ាត្រឹមត្រូវដោយស្ថិតនៅលើមាគ៌ាដ៏ច្បាស់លាស់ដោយគ្មានភាពមន្ទិលសង្ស័យនៅក្នុងវា និងគ្មានភាពវៀចវេរនោះដែរឬទេ? ដូច្នេះ តើពួកអ្នក(ឱពួកមុស្ហរីគីន)ផ្តល់ភាពស្មើគ្នារវាងអល់ឡោះជាម្ចាស់ដែលត្រូវបានពិពណ៌នាដោយលក្ខណៈដ៏ខ្ពង់ខ្ពស់ និងពេញលេញជាមួយនឹងរូបបដិមាទាំងឡាយរបស់ពួកអ្នកដែលស្តាប់មិនលឺ និងមិនចេះនិយាយ មិនអាចផ្តល់នូវផលប្រយោជន៍ ហើយក៏មិនអាចការពារពីគ្រោះថ្នាក់នោះយ៉ាងដូចម្តេចទៅ?