ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់)នៅថ្ងៃដែលយើងនឹងតែងតាំងពីគ្រប់ប្រជាជាតិនីមួយៗនូវអ្នកនាំសារម្នាក់ដើម្បីធ្វើជាសាក្សីទៅលើពួកគេនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តនៃការមានជំនឿ ឬគ្មានជំនឿ។ អ្នកនាំសារម្នាក់នោះ គឺមកពីពូជសាសន៍របស់ពួកគេផ្ទាល់ និងនិយាយាភាសារបស់ពួកគេ។ ហើយយើងក៏នឹងនាំអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មកធ្វើជាសាក្សីទៅលើប្រជាជាតិទាំងអស់នោះផងដែរ។ ហើយយើងបានបញ្ចុះគម្ពីរគួរអានទៅកាន់អ្នកដើម្បីបញ្ជាក់រាល់អ្វីដែលត្រូវការការបញ្ជាក់ ដូចជាប្រការដែលគេអនុញ្ញាត ប្រការដែលគេហាមឃាត់ ផលបុណ្យ និងបាបកម្ម និងប្រការផ្សេងៗទៀត។ ហើយយើងបានបញ្ចុះវា(គម្ពីរគួរអាន)ជាការចង្អុលបង្ហាញដល់មនុស្សលោកទៅកាន់ការពិត និងជាក្តីមេត្តាករុណាដល់អ្នកដែលមានជំនឿចំពោះវា ហើយអនុវត្តតាមនូវអ្វីដែលមាននៅក្នុងវា ហើយក៏ជាការផ្តល់ដំណឹងរីករាយចំពោះបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនូវការសើយសុខជានិរន្តន៍ដែលពួកគេកំពុងតែរង់ចាំផងដែរ។