ដូចនេះ ពួកគេបានអនុវត្តន៍នូវអ្វីដែលគេបានបង្គាប់ប្រើ ហើយអល់ឡោះបានធ្វើឲ្យពួកគេដេកលក់ និងបានការពារពួកគេពីសត្រូវរបស់ពួកគេ។ ហើយអ្នក(ឱអ្នកដែលធ្វើជាសាក្សីសម្រាប់ពួកគេ)នឹងឃើញព្រះអាទិត្យ នៅពេលដែលវារះចេញពីទិសខាងកើតនោះ គឺវាជ្រេទៅខាងស្ដាំនៃរូងភ្នំរបស់ពួកគេ ហើយនៅពេលដែលវាលិចនៅទិសខាងលិច គឺវាជ្រេទៅខាងឆ្វេងនៃរូងភ្នំ។ ដូច្នេះ ពួកគេស្ថិតនៅក្នុងម្លប់ជានិច្ច ដោយកម្ដៅនៃព្រះអាទិត្យមិនបានបង្កបញ្ហាដល់ពួកគេឡើយ។ ហើយពួកគេស្ថិតនៅកន្លែងដែលទូលាយនៃរូងភ្នំដែលមានខ្យល់អាកាសចេញចូលល្អដែលពួកគេត្រូវការ(សម្រាប់ដកដង្ហើម)។ អ្វីដែលបានកើតឡើងលើពួកគេ ដូចជាការឲ្យពួកគេជ្រកកោននៅក្នុងរូងភ្នំ ការធ្វើឲ្យពួកគេគេងលង់លក់ ការបញ្ចៀសកម្ដៅថ្ងៃពីពួកគេ ការធ្វើឲ្យកន្លែងរបស់ពួកគេមានភាពធំទូលាយ និងការសង្រ្គោះពួកគេចេញពីក្រុមរបស់ពួកគេនោះ គឺស្ថិតក្នុងចំណោមភាពអស្ចារ្យនៃការបង្កើតរបស់អល់ឡោះដែលចង្អុលបង្ហាញទៅលើសមត្ថភាពរបស់ទ្រង់។ ជនណាហើយដែលអល់ឡោះចង្អុលបង្ហាញគេទៅកាន់មាគ៌ាដ៏ត្រឹមត្រូវនោះ ពិតប្រាកដណាស់ គេជាអ្នកដែលទទួលបានការចង្អុលបង្ហាញយ៉ាងពិតប្រាកដ។ ហើយជនណាហើយដែលទ្រង់បង្វែររូបគេ និងធ្វើឲ្យគេវង្វេងនោះ គឺអ្នកនឹងមិនឃើញមានអ្នកណាដែលអាចជួយចង្អុលបង្ហាញគេ(ទៅរកមាគ៌ាដ៏ត្រឹមត្រូវ)បានជាដាច់ខាត ពីព្រោះការផ្តល់ការចង្អុលបង្ហាញ គឺស្ថិតនៅក្នុងកណ្តាប់ដៃរបស់អល់ឡោះ មិនមែនស្ថិតនៅក្នុងដៃរបស់គេឡើយ។