ហើយដូចដែលយើងបានធ្វើចំពោះពួកគេនូវអ្វីដែលយើងបានលើកឡើងខាងលើដែលបង្ហាញពីភាពអស្ចារ្យនៃសមត្ថភាពរបស់យើងនោះដែរ យើងក៏បានធ្វើឲ្យពួកគេភ្ញាក់ពីដំណេកឡើងវិញបន្ទាប់ពី(ពួកគេបានដេកលង់លក់)រយៈពេលដ៏យូរ ដើម្បីឲ្យពួកគេសួរគ្នាទៅវិញទៅមកអំពីថេរវេលាដែលពួកគេបានដេកលង់លក់នៅទីនោះ(ក្នុងរូងភ្នំ)។ ពេលនោះ ម្នាក់ក្នុងចំណោមពួកគេបានឆ្លើយថាៈ យើងបានគេងលក់(នៅទីនេះ)អស់រយៈពេលមួយថ្ងៃ ឬកន្លះថ្ងៃហើយ។ ហើយអ្នកខ្លះទៀតក្នុងចំណោមពួកគេដែលមិនច្បាស់ពីថេរវេលានៃការគេងលង់លក់របស់ពួកគេនោះបានតបវិញថាៈ មានតែម្ចាស់របស់ពួកអ្នកប៉ុណ្ណោះដែលដឹងបំផុតពីរយៈពេលដែលពួកអ្នកបានគេងលង់លក់នោះ។ ដូច្នេះ ចូរពួកអ្នកប្រគល់រឿងនេះ(ការដឹងពីរយៈពេលដែលពួកគេគេងលង់លក់នៅក្នុងរូងភ្នំ)ទៅកាន់ទ្រង់ចុះ និងចូរធ្វើអ្វីដែលមានប្រយោជន៍ដល់ពួកអ្នកវិញ។ ហេតុនេះ សូមពួកអ្នកបញ្ជូននរណាម្នាក់ក្នុងចំណោមពួកអ្នកឲ្យយកក្រដាសប្រាក់ទាំងនេះទៅទីក្រុងរបស់ពួកយើងដែលយើងបានស្គាល់នោះ ហើយឲ្យគេរកមើល ថាតើគ្រួសារណាមានចំណីអាហារល្អ និងមានចំណូលប្រសើរជាងគេ ហើយឲ្យគេយកចំណីអាហារនោះមកឲ្យពួកអ្នក។ ហើយចូរឲ្យគេមានការប្រុងប្រយ័ត្នក្នុងពេលចូល ពេលចេញ និងចំពោះការទំនាក់ទំនងរបស់គេ និងត្រូវមានភាពឈ្លាសវៃបន្តិច។ ហើយមិនត្រូវឲ្យនរណាម្នាក់ដឹងពីកន្លែងស្នាក់នៅរបស់ពួកអ្នកនោះទេ ដោយសារតែវាអាចនាំមកនូវគ្រោះថ្នាក់ដ៏ធំធេងដល់ពួកអ្នកបាន(ប្រសិនបើពួកគេបានដឹងពីកន្លែងស្នាក់នៅរបស់ពួកអ្នកនោះ)។