Khmer Abridged Explanation of the Quran
18:22 - 18:22

ពួកដែលជជែកវែកញែកពីចំនួនរបស់ពួកគេ(ពួកអ្នកដែលនៅក្នុងរូងភ្នំ)មួយចំនួននឹងនិយាយថាៈ ពួកគេ(អ្នកនៅក្នុងរូងភ្នំ) មានគ្នាបីនាក់ ទីបួនគឺឆ្កែរបស់ពួកគេ ហើយអ្នកខ្លះទៀតបាននិយាយថាៈ ពួកគេមានគ្នាប្រាំនាក់ ទីប្រាំមួយគឺឆ្កែរបស់ពួកគេ។ ក្រុមទាំងពីរនេះ តាមពិតទៅពួកគេគ្រាន់តែនិយាយទៅតាមការគិតឃើញ(របស់ពួកគេ)តែប៉ុណ្ណោះដោយគ្មានភស្តុតាងនិងអំណះអំណាងអ្វីមកបញ្ជាក់នោះឡើយ។ ហើយអ្នកខ្លះទៀតបាននិយាយថាៈ ពួកគេមានគ្នាប្រាំពីរនាក់ ទីប្រាំបីគឹឆ្កែរបស់ពួកគេ។ ចូអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថាៈ ម្ចាស់របស់ខ្ញុំដឹងបំផុតពីចំនួនរបស់ពួកគេ។ គ្មានអ្នកណាម្នាក់អាចដឹងពីចំនួន(ពិតប្រាកដ)របស់ពួកគេឡើយ លើកលែងតែមួយចំនួនតូចប៉ុណ្ណោះដែលអល់ឡោះប្រាប់ឲ្យពួកគេបានដឹងពីចំនួនពួកគេ(អ្នកនៅក្នុងរូងភ្នំ)។ ហេតុនេះ ចូរអ្នកកុំជជែកដេញដោលគ្នាអំពីចំនួនរបស់ពួកគេ និងពីស្ថានភាពរបស់ពួកគេជាមួយពួកអះលីគីតាប(ពួកយូដានិងពួកណាសរ៉នី) និងអ្នកផ្សេងពីពួកគេទៀតឲ្យសោះ លើកលែងតែការដេញដោលនោះ គឺជាការដេញដោលដែលមានភស្តុតាងច្បាស់លាស់ ពុំមែនស៊ីជម្រៅនោះឡើយ ដោយជជែកដេញដោលត្រឹមតែអ្វីដែលគេបានវ៉ាហ៊ីឲ្យអ្នកអំពីរឿងរ៉ាវរបស់ពួកគេបានហើយ។ ហើយចូរអ្នកកុំសួរនរណាម្នាក់ក្នុងចំណោមពួកគេ(ពួកអះលីគីតាប)អំពីរឿងរ៉ាវលម្អិតរបស់ពួកគេ(អ្នកដែលនៅក្នុងរូងភ្នំ) ព្រោះពួកគេមិនបានដឹងពីរឿងនោះឡើយ។