Khmer Abridged Explanation of the Quran
18:21 - 18:21

ហើយដូចដែលយើងបានធ្វើនូវរឿងដ៏អស្ចារ្យចំពោះពួកគេ ដែលជាការបញ្ជាក់ពីសមត្ថភាពរបស់យើង ដូចជាការឲ្យពួកគេដេកលង់លក់អស់រយៈពេលជាច្រើនឆ្នាំ និងធ្វើឲ្យពួកគេភ្ញាក់ឡើងវិញបន្ទាប់ពីនោះដែរ យើងបានលាតត្រដាងរឿងរ៉ាវរបស់ពួកគេដល់អ្នកដែលរស់នៅក្នុងទីក្រុងរបស់ពួកគេ ដើម្បីឲ្យអ្នកដែលរស់នៅក្នុងទីក្រុងរបស់ពួកគេនោះដឹងថាៈ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះដែលថានឹងជួយដល់បណ្តាអ្នកមានជំនឿ និងការពង្រស់(ពួកគេ)ឲ្យរស់ឡើងវិញនោះ គឺជាការពិត ហើយថ្ងៃបរលោក គឺនឹងមកដល់(យ៉ាងពិតប្រាកដ)ដោយគ្មានការសង្ស័យឡើយ។ ហើយនៅពេលដែលរឿងរ៉ាវរបស់ក្រុមដែលនៅក្នុងរូងភ្នំនោះបានលាតត្រដាង ហើយពួកគេបានស្លាប់អស់ហើយនោះ ពេលនោះអ្នកដែលបានដឹងរឿងរ៉ាវរបស់ពួកគេក៏បានខ្វែងគំនិតគ្នា ថាតើពួកគេ(ពួកអ្នកដែលរស់នៅក្នុងទីក្រុង)គួរធ្វើអ្វីចំពោះបញ្ហារបស់ពួកគេ(អ្នកដែលនៅក្នុងរូងភ្នំនោះ)? ក្រុមមួយក្នុងចំណោមពួកគេបាននិយាយថាៈ ចូរពួកអ្នកសាងសង់សំណង់មួយនៅលើមាត់រូងភ្នំរបស់ពួកគេ ដើម្បីបិទបាំងនិងការពារពួកគេ។ ម្ចាស់របស់ពួកគេដឹងបំផុតពីស្ថានភាពរបស់ពួកគេ ហើយស្ថានភាពរបស់ពួកគេ(ពួកដែលរស់នៅក្នុងរូងភ្នំ) គឺមានតែទ្រង់ប៉ុណ្ណោះដែលដឹង។ តែក្រុមដែលមានឥទ្ធិពលក្នុងចំណោមអ្នកដែលគ្មានចំណេះដឹង និងមិនមានអំណះអំណាងត្រឹមត្រូវនោះបាននិយាយថាៈ ពិតប្រាកដណាស់ ពួកយើងនឹងយកកន្លែងរបស់ពួកអ្នកធ្វើជាម៉ាស្ជិទសម្រាប់ធ្វើការគោរពសក្ការៈ ដើម្បីជាការលើកតម្កើងដល់ពួកគេ និងជាការរំលឹក(កុំឲ្យគេភ្លេច)ពីកន្លែងរបស់ពួកគេ។