ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចងចាំ នៅពេលដែលយើងបានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថាៈ “ចូរពួកអ្នកក្រាបស៊ូជូតចំពោះព្យាការីអាហ្ទាំ ជាការស៊ូជូតស្វាគមន៍(ចំពោះគេ)”។ ពេលនោះ ពួកគេទាំងអស់ក៏បានក្រាបស៊ូជូតចំពោះគេ ដោយអនុវត្តតាមបទបញ្ជានៃម្ចាស់របស់ពួកគេ លើកលែងតែអ៊ីព្លិសប៉ុណ្ណោះដែលស្ថិតក្នុងចំណោមពួកជិន និងមិនស្ថិតក្នុងចំណោមពួកម៉ាឡាអ៊ីកាត់នោះទេ ដោយវាបានបដិសេធ និងក្រអឺតក្រទមមិនព្រមស៊ូជូត(ចំពោះព្យាការីអាហ្ទាំ)ឡើយ និងបានងាកចេញពីការប្រតិបត្តិតាមម្ចាស់របស់វា។ ដូច្នេះ តើពួកអ្នក(ឱមនុស្សទាំងឡាយ)យកវា(អ៊ីព្លីស) និងកូនចៅរបស់វាធ្វើជាអ្នកគាំពារក្រៅពីយើងឬ ខណៈដែលពួកវាគឹជាសត្រូវរបស់ពួកអ្នកនោះ? ដូច្នេះ តើពួកអ្នកនឹងយកសត្រូវរបស់ពួកអ្នកធ្វើជាអ្នកគាំពារចំពោះពួកអ្នកយ៉ាងដូចម្ដេចទៅ? ហើយទង្វើរបស់ពួកបំពានដែលយកស្ហៃតនធ្វើជាអ្នកគាំពារសម្រាប់ពួកគេជំនួសអល់ឡោះជាម្ចាស់នោះ គឺអាក្រក់បំផុត។