ហើយដើម្បីកុំឲ្យព្យាការីមូហាំម៉ាត់រំពឺងចង់ឲ្យទណ្ឌកម្មធ្លាក់ទៅលើពួកប្រឆាំងភ្លាមៗ អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលទៅកាន់គាត់ថាៈ ហើយម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺមហាអភ័យទោសបំផុតចំពោះបាបកម្មរបស់ខ្ញុំបម្រើទ្រង់ដែលបានសារភាពកំហុស និងជាអ្នកដែលមានក្ដីមេត្តាករុណាដ៏ទូលំទូលាយ(ជ្រួតជ្រាប)លើអ្វីៗទាំងអស់។ ហើយក្នុងចំណោមក្ដីមេត្តាករុណារបស់ទ្រង់នោះ គឺទ្រង់ពន្យារពេល(ដាក់ទណ្ឌកម្ម)ដល់អ្នកដែលប្រព្រឹត្តល្មើស ដោយសង្ឃឹមថាពួកគេនឹងសារភាពកំហុសទៅកាន់ទ្រង់។ ពិតប្រាកដណាស់ ប្រសិនបើទ្រង់មានចេតនាចង់ដាក់ទណ្ឌកម្មពួកដែលបែរចេញទាំងនោះ ទ្រង់ពិតជានឹងដាក់ទណ្ឌកម្មពួកគេភ្លាមៗនៅក្នុងជីវិតលោកិយនេះជាមិនខាន ក៏ប៉ុន្តែទ្រង់ជាម្ចាស់មហាអត់ធ្មត់ មហាអាណិតស្រឡាញ់បំផុត ដោយទ្រង់ពន្យារពេលដាក់ទណ្ឌកម្មពួកគេដើម្បីឲ្យពួកគេសារភាពកំហុស។ តែទោះជាយ៉ាងណាក៏ដោយ ពួកគេមានទីកន្លែងនិងពេលវេលាដែលត្រូវបានគេកំណត់យ៉ាងច្បាស់លាស់ ដែលពួកគេនឹងត្រូវបានគេតបស្នងចំពោះភាពគ្មានជំនឿរបស់ពួកគេ និងការងាកចេញរបស់ពួកគេ(ពីសេចក្តីពិត) ប្រសិនបើពួកគេមិនសារភាពកំហុសទេនោះ ដោយពួកគេគ្មានកន្លែងជ្រកកោនដែលពួកគេនឹងជ្រកកោនក្រៅពីឆ្ពោះទៅកាន់ទ្រង់នោះឡើយ។