Khmer Abridged Explanation of the Quran
21:87 - 21:87

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់)នូវរឿងរ៉ាវរបស់អ្នកដែលស្ថិតនៅក្នុងពោះត្រី គឺព្យាការីយូនូស ខណៈដែលគេបានចាកចេញ(ពីភូមិដែលគេត្រូវអំពាវនាវ)ដោយមិនមានការអនុញ្ញាតពីម្ចាស់របស់គេ ព្រោះតែការខឹងសម្បាចំពោះក្រុមរបស់គេដោយសារតែពួកគេនៅតែបន្តស្ថិតនៅក្នុងការប្រឆាំង ដោយគេ(ព្យាការីយូនូស)គិតថា យើងមិនចង្អៀតចង្អល់ចំពោះគេដោយដាក់ទណ្ឌកម្មលើរូបគេដោយសារការចាកចេញរបស់គេ(ពីក្រុមរបស់គេដោយគ្មានការអនុញ្ញាតពីអល់ឡោះ)នោះឡើយ។ ក៏ប៉ុន្តែយើងបានសាកល្បងគេ ដោយឲ្យគេចង្អៀតចង្អល់បំផុត ខណៈដែលត្រីបានលេបរូបគេចូលទៅក្នុងពោះ។ នៅពេលនោះ គេក៏បានបួងសួងទាំងដែលគេស្ថិតនៅក្នុងភាពងងឹតនៃពោះត្រី ភាពងងឹតនៃទឹកសមុទ្រ ព្រមទាំងភាពងងឹតនៃពេលយប់ ដោយគេបានទទួលស្គាល់ចំពោះបាបកម្មរបស់គេ និងបានសារភាពទោសកំហុសចំពោះអល់ឡោះជាម្ចាស់អំពីរឿងនោះ ដោយគេបានបួងសួងថាៈ គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់។ ទ្រង់មហាស្អាតស្អំ និងមហាខ្ពង់ខ្ពស់បំផុត។ ពិតប្រាកដណាស់ ខ្ញុំទេដែលស្ថិតក្នុងចំណោមអ្នកដែលបំពាននោះ។