Khmer Abridged Explanation of the Quran
22:78 - 22:78

ហើយចូរពួកអ្នកតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះនូវការតស៊ូមួយដ៏ស្មោះសចំពោះទ្រង់។ ទ្រង់បានជ្រើសរើសពួកអ្នក និងបានធ្វើឲ្យសាសនារបស់ពួកអ្នកជាសាសនាដែលមានភាពទូលំទូលាយ ដែលគ្មានភាពចង្អៀតចង្អល់ និងមិនតឹងរឹងពេកនោះទេ។ សាសនាដ៏ទូលំទូលាយនេះ គឺសាសនាឪពុករបស់ពួកអ្នក ព្យាការីអ៊ីព្រហ៊ីម។ ពិតប្រាកដណាស់ អល់ឡោះទ្រង់បានដាក់ឈ្មោះឲ្យពួកអ្នក ថាជាជនមូស្លីមនៅក្នុងបណ្តាគម្ពីរពីមុនមក និងនៅក្នុងគម្ពីរគួរអាន ដើម្បីឲ្យអ្នកនាំសារ(មូហាំម៉ាត់)ធ្វើជាសាក្សីទៅលើពួកអ្នកថាៈ ពិតប្រាកដណាស់ គាត់បានផ្សព្ចផ្សាយរួចហើយនូវអ្វីដែលគេបានដាក់បទបញ្ជាលើគាត់ឲ្យផ្សព្វផ្សាយនោះ និងក៏ដើម្បីឲ្យពួកអ្នក(ប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់)ធ្វើជាសាក្សីទៅលើបណ្តាប្រជាជាតិជំនាន់មុនៗផងដែរថា ពិតប្រាកដណាស់ បណ្តាអ្នកនាំសាររបស់ពួកគេបានផ្សព្វផ្សាយវា(សាររបស់អល់ឡោះ)រួចហើយ។ ដូច្នេះ ចូរពួកអ្នកថ្លែងអំណរគុណអល់ឡោះចំពោះរឿងនេះ តាមរយៈការប្រតិបត្តិសឡាតឲ្យបានពេញលេញនិងគ្រប់ជ្រុងជ្រោយ និងបរិច្ចាគហ្សាកាត់ពីទ្រព្យសម្បត្តិរបស់ពួកអ្នក និងសុំការជ្រកកោនពីអល់ឡោះ ព្រមទាំងប្រគល់កិច្ចការទាំងឡាយរបស់ពួកអ្នកទៅកាន់ទ្រង់។ ជាការពិតណាស់ ទ្រង់គឺជាអ្នកគាំពារដ៏ល្អប្រសើរបំផុតចំពោះជនណាដែលយកទ្រង់ធ្វើជាអ្នកគាំពារក្នុងចំណោមបណ្តាអ្នកដែលមានជំនឿ ហើយទ្រង់គឺជាអ្នកជួយដ៏ល្អប្រសើរបំផុតសម្រាប់ជនណាដែលសុំឲ្យទ្រង់ជួយដល់គេក្នុងចំណោមពួកគេ(អ្នកដែលមានជំនឿ)។ ហេតុនេះ ចូរពួកអ្នកយកទ្រង់ធ្វើជាអ្នកគាំពារ នោះទ្រង់នឹងគាំពារពួកអ្នក។ ហើយចូរពួកអ្នកសុំការជួយពីទ្រង់ នោះទ្រង់នឹងជួយដល់ពួកអ្នកជាមិនខាន។