Khmer Abridged Explanation of the Quran
24:11 - 24:11

ពិតប្រាកដណាស់ ពួកដែលនាំមកនូវការមូលបង្កាច់ (គឺការចោទប្រកាន់មាតានៃអ្នកមានជំនឿទាំងឡាយ គឺអាអ៊ីស្ហះ ថាបានប្រព្រឹត្តទង្វើអសីលធម៌“ហ្ស៊ីណា”)នោះ គឺជាក្រុមមួយដែលស្ថិតនៅក្នុងចំណោមពួកអ្នក(ឱអ្នកមានជំនឿ)នេះឯង។ ចូរពួកអ្នកកុំគិតថា ការមូលបង្កាច់ចោទប្រកាន់នេះ គឺជាប្រការអាក្រក់សម្រាប់ពួកអ្នកឲ្យសោះ។ តាមពិត វាគឺជាប្រការល្អសម្រាប់ពួកអ្នកទៅវិញទេ ពីព្រោះវាបានផ្តល់នូវផលបុណ្យ និងជាការជម្រះសម្អាតបណ្តាដែលមានជំនឿ និងជាការបញ្ជាក់ពីភាពស្អាតស្អំរបស់មាតានៃអ្នកមានជំនឿទាំងឡាយ(គឺអាអ៊ីស្ហះ ឧត្តមភរិយារបស់ព្យាការីមូហាំម៉ាត់)។ សម្រាប់បុគ្គលគ្រប់រូបដែលបានចូលរួមក្នុងការចោទប្រកាន់ចំពោះនាង ថាបានប្រព្រឹត្តទង្វើអសីលធម៌(ហ្ស៊ីណា)នោះ គឺត្រូវទទួលចំណែកនៃបាបកម្មរបស់ខ្លួនដោយសារតែការនិយាយចោទប្រកាន់នេះ។ ហើយអ្នកដែលទទួលខុសត្រូវធំជាងគេក្នុងរឿងនេះដែលជាអ្នកចាប់ផ្តើម(ឲ្យមានការចោទប្រកាន់)ដំបូងគេនោះ សម្រាប់គេនឹងទទួលនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។ អត្ថន័យរបស់វា គឺសំដៅលើមេក្លោងរបស់ពួកពុតត្បុត(ជាអ្នកដែលអ្នកចាប់ផ្តើមឲ្យមានការចោទប្រកាន់ដំបូងគេ) គឺអាប់ទុលឡោះ កូន អ៊ូពៃ កូន សាលូល។