ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងអនុវត្តតាមច្បាប់បញ្ញត្តិរបស់ទ្រង់! ចូរពួកអ្នកកុំដើរតាមមាគ៌ាទាំងឡាយរបស់ស្ហៃតនក្នុងការតុបតែងលម្អរបស់វាចំពោះប្រការដែលមិនត្រឹមត្រូវ។ ជនណាហើយដែលដើរតាមមាគ៌ាទាំងឡាយរបស់ស្ហៃតននោះ ជាការពិតណាស់ វានឹងប្រើឲ្យប្រព្រឹត្តនូវអំពើអាក្រក់ទាំងឡាយ មិនថាតាមរយៈទង្វើឬកាយវិការ ហើយនិងទង្វើទាំងឡាយដែលច្បាប់ឥស្លាមហាមឃាត់។ ហើយប្រសិនបើគ្មានការប្រោសប្រទានពីអល់ឡោះចំពោះពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ទេនោះ គ្មាននរណាម្នាក់ក្នុងចំណោមពួកអ្នកអាចជ្រះស្អាត(ពីបាបកម្ម)តាមរយៈការសារភាពកំហុសរបស់គេនោះឡើយទោះជាគេសារភាពកំហុសក៏ដោយ ក៏ប៉ុន្តែ អល់ឡោះជាម្ចាស់ទ្រង់ធ្វើឲ្យគេជ្រះស្អាត(ពីបាបកម្ម)ចំពោះជនណាដែលទ្រង់មានចេតនា ដោយការទទួលយកនូវការសារភាពកំហុសរបស់គេ។ ហើយអល់ឡោះ ទ្រង់មហាឮបំផុតចំពោះពាក្យសម្តីរបស់ពួកអ្នក ហើយទ្រង់មហាដឹងបំផុតចំពោះទង្វើរបស់ពួកអ្នក។ គ្មានអ្វីមួយអំពីវាអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះវាវិញ។