Khmer Abridged Explanation of the Quran
24:22 - 24:22

ហើយចូរកុំឲ្យអ្នកដែលមានកិត្តិយសថ្លៃថ្នូរក្នុងសាសនា និងអ្នកដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភស្បថថា នឹងឈប់ផ្តល់(ការបរិច្ចាគទាន)ឲ្យសាច់ញាតិរបស់ពួកគេដែលជាអ្នកមានតម្រូវការចាំបាច់ និងជនក្រីក្រ ហើយនិងអ្នកដែលភៀសខ្លួនក្នុងមាគ៌ារបស់អល់ឡោះ ព្រោះតែបាបកម្មដែលពួកគេបានប្រព្រឹត្តឲ្យសោះ។ ហើយចូរឲ្យពួកគេ(អ្នកមានទ្រព្យ)អភ័យទោសដល់ពួកគេ និងអធ្យាស្រ័យដល់ពួកគេ។ តើពួកអ្នកមិនចូលចិត្តចង់ឲ្យអល់ឡោះជាម្ចាស់ទ្រង់អភ័យទោសនូវបាបកម្មរបស់ពួកអ្នកនៅពេលដែលពួកអ្នកចេះអភ័យទោសចំពោះពួកគេ និងចេះអធ្យាស្រ័យដល់ពួកគេទេឬ? ហើយអល់ឡោះមហាអភ័យទោសបំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់ទាំងឡាយណាដែលបានសារភាពកំហុស និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។ ហេតុនេះ ចូរឲ្យខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះយកគំរូតាមទ្រង់(ក្នុងការអភ័យទោសដល់អ្នកដែលធ្វើខុស)។ វាក្យខណ្ឌនេះបានបញ្ចុះមកនៅក្នុងរឿងរបស់អាពូហ្ពាកើរ នៅពេលដែលគាត់បានស្បថថា នឹងឈប់ធ្វើការបរិច្ចាគទានទៅឲ្យ”មីសតោះ” ដោយសារតែគេបានចូលរួមក្នុងការមួលបង្កាច់(ទៅលើអាអ៊ីស្ហះ ថាបានប្រព្រឹត្តរឿងអាស្រូវ “ហ្ស៊ីណា”)។