ហើយចូរឲ្យអ្នកដែលគ្មានលទ្ធភាពរៀបអាពាហ៍ពិពាហ៍ដោយសារតែភាពក្រីក្ររបស់ពួកគេនោះ រក្សានូវភាពបរិសុទ្ធ(ពីប្រការហ្ស៊ីណា) រហូតទាល់តែអល់ឡោះទ្រង់ផ្តល់ភាពមានបានដល់ពួកគេដោយការប្រោសប្រទានដ៏ទូលំទូលាយរបស់ទ្រង់។ ហើយចំពោះខ្ញុំបម្រើដាច់ថ្លៃដែលទាមទារ ឬស្នើសុំពីចៅហ្វាយនាយរបស់ពួកគេលើការបង់ប្រាក់ដើម្បីលោះខ្លួនរបស់ពួកគេឲ្យមានសិទ្ធិសេរីភាពនោះ ដូច្នេះ ចាំបាច់លើចៅហ្វាយនាយរបស់ពួកគេ ត្រូវទទួលយកនូវការស្នើសុំពីពួកគេ ប្រសិនបើពួកគេ(ចៅហ្វាយនាយ)បានដឹងថា ពួកគេ(ខ្ញុំបម្រើដាច់ថ្លៃនោះ)មានលទ្ធភាពលើការលោះខ្លួន(របស់គេឲ្យមានសេរីភាព) និងជាការល្អប្រសើរនៅក្នុងសាសនា(របស់ពួកគេ)។ ហើយចាំបាច់លើពួកគេ(ចៅហ្វាយ) ត្រូវផ្តល់ទ្រព្យសម្បត្តិខ្លះដែលអល់ឡោះបានប្រទានដល់ពួកគេ ដោយកាត់បន្ថយមួយចំណែកនៃប្រាក់(ដែលត្រូវបង់)ដែលបានចុះក្នុងកិច្ចសន្យា។ ហើយពួកអ្នកមិនត្រូវបង្ខំស្រីបម្រើដាច់ថ្លៃរបស់ពួកអ្នកឲ្យប្រព្រឹត្តហ្ស៊ីណាដើម្បីស្វែងរកទ្រព្យសម្បត្តិ(ដូចដែលអាប់ទុលឡោះ កូន អ៊ូពៃ បានធ្វើចំពោះស្រីបម្រើដាច់ថ្លៃទាំងពីរនាក់របស់គេនៅពេលដែលនាងទាំងពីរបានសំណូមពរសុំរក្សាភាពបរិសុទ្ធ និងចាកឆ្ងាយពីទង្វើអសីលធម៌)ដើម្បីពួកអ្នកទទួលបាននូវប្រាក់កម្រៃពីការប្រព្រឹត្តពេស្យារបស់នាងនោះទេ។ ហើយជនណាក្នុងចំណោមពួកអ្នកដែលបានបង្ខិតបង្ខំពួកនាងឲ្យធ្វើដូច្នោះ ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាអភ័យទោសចំពោះបាបកម្មរបស់ពួកនាងបន្ទាប់ពីពួកនាងត្រូវបានគេបង្ខិតបង្ខំ និងមហាអាណិតស្រឡាញ់ចំពោះពួកនាង ដោយសារតែពួកនាងត្រូវគេបង្ខិតបង្ខំ ហើយបាបកម្ម គឺធ្លាក់ទៅលើអ្នកដែលបង្ខិតបង្ខំពួកនាង(ឲ្យប្រព្រឹត្តពេស្យានោះ)។