អល់ឡោះជាម្ចាស់ ទ្រង់គឺជាពន្លឺនៃមេឃជាច្រើនជាន់និងផែនដី និងជាអ្នកដែលចង្អុលបង្ហាញដល់អ្នកដែលនៅក្នុងវាទាំងពីរ(មេឃនិងផែនដី)។ ពន្លឺដ៏ត្រចេះត្រចង់របស់ទ្រង់នៅក្នុងដួងចិត្តនៃអ្នកមានជំនឿ ប្រៀបដូចជាកញ្ចក់គោមមួយដែលមានចង្កៀងនៅក្នុងនោះ។ ចង្កៀងនោះស្ថិតនៅក្នុងកញ្ចក់ដ៏ចែងចាំងមួយដែលប្រៀបដូចជាតារាមួយដួងដែលបញ្ចេញពន្លឺចែងចាំងដូចគុជខ្យង។ ចង្កៀងនោះត្រូវបានគេអុជវាអំពីប្រេងនៃដើមឈើដ៏មានពរជ័យ ពោលគឺដើមអូលីវ ជាដើមឈើមួយដែលមិនត្រូវពន្លឺថ្ងៃបន្តិចណាឡើយ មិនថាពេលព្រឹក ឬពេលល្ងាចនោះទេ ដែលប្រេងរបស់វាស្ទើរតែបញ្ចេញពន្លឺទៅហើយដោយសារតែភាពស្រស់ថ្លារបស់វា សូម្បីតែពុំទាន់អុជភ្លើងក៏ដោយ។ ចុះយ៉ាងណាទៅវិញពេលដែលអុជភ្លើងវាទៀតនោះ? គឺពន្លឺរបស់ចង្កៀង នឹងត្រួតលើពន្លឺរបស់កញ្ចក់។ នេះហើយជា(ស្ថានភាព)ដួងចិត្តរបស់អ្នកមានជំនឿនៅពេលដែលពន្លឺនៃការចង្អុលបង្ហាញបានរះឡើងនៅក្នុងដួងចិត្តរបស់ពួកគេ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ឲ្យគេដើរតាមគម្ពីរគួរអាន។ ហើយអល់ឡោះទ្រង់បញ្ជាក់ពីរបស់ដែលស្រដៀងនឹងវា ដោយការលើកវាធ្វើជាឧទាហរណ៍។ ហើយអល់ឡោះទ្រង់ដឹងបំផុតនូវអ្វីៗទាំងអស់ ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។