ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកពុតត្បុតទាំងនោះថាៈ ចូរពួកអ្នកប្រតិបត្តិតាមអល់ឡោះនិងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់ ទាំងក្នុងពេលបើកចំហ និងក្នុងពេលស្ងាត់កំបាំង។ តែប្រសិនបើពួកអ្នកបែរចេញពីការគោរពប្រតិបត្តិចំពោះអ្នកទាំងពីរដែលគេបានដាក់បទបញ្ជាចំពោះពួកអ្នកនោះ ជាការពិតណាស់ អ្វីដែលជាបន្ទុក(តួនាទី)របស់គេ(ព្យាការីមូហាំម៉ាត់) គឺការផ្សព្វផ្សាយប៉ុណ្ណោះ។ ចំណែកឯបន្ទុក(កាតព្វកិច្ច)របស់ពួកអ្នកវិញ គឺពួកអ្នកត្រូវតែប្រតិបត្តិតាម និងអនុវត្តន៍តាមនូវអ្វីដែលគាត់បាននាំមក។ ហើយប្រសិនបើពួកអ្នកគោរពប្រតិបត្តិតាមគេ(ព្យាការីមូហាំម៉ាត់)ដោយអនុវត្តនូវប្រការទាំងឡាយដែលគេបានបង្គាប់ប្រើពួកអ្នក និងបញ្ឈប់(មិនប្រព្រឹត្ត)នូវប្រការទាំងឡាយដែលគេបានហាមឃាត់ចំពោះពួកអ្នកនោះ ពួកអ្នកនឹងទទួលបានការចង្អុលបង្ហាញទៅកាន់ការពិតជាមិនខាន។ ហើយកាតព្វកិច្ចរបស់អ្នកនាំសារ គ្មានអ្វីក្រៅពីការផ្សព្វផ្សាយសារដ៏ច្បាស់លាស់ប៉ុណ្ណោះ ដោយគេមិនទទួលបន្ទុកក្នុងផ្តល់ការចង្អុលបង្ហាញដល់ពួកអ្នកនោះទេ ហើយក៏មិនអាចបង្ខំពួកអ្នកឲ្យទទួលយកវានោះដែរ។