Khmer Abridged Explanation of the Quran
24:55 - 24:55

អល់ឡោះជាម្ចាស់ទ្រង់បានសន្យាចំពោះអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងទង្វើកុសលក្នុងចំណោមពួកអ្នកថាៈ ជាការពិតណាស់ ទ្រង់នឹងជួយពួកគេឲ្យទទួលជ័យជម្នះលើសត្រូវរបស់ពួកគេ ហើយនឹងធ្វើឲ្យពួកគេក្លាយជាអ្នកគ្រប់គ្រងបន្តនៅលើផែនដីនេះ ដូចដែលទ្រង់ធ្លាប់បានផ្តល់ឲ្យបណ្តាដែលមានជំនឿជំនាន់មុនពួកគេក្លាយជាអ្នកគ្រប់គ្រងលើផែនដីដូច្នោះដែរ។ ហើយទ្រង់បានសន្យាចំពោះពួកគេទៀតថាៈ ទ្រង់នឹងធ្វើឲ្យសាសនារបស់ពួកគេដែលទ្រង់ពេញចិត្ត(ឲ្យពួកគេទទទួលយកធ្វើជាសាសនា)នោះ មានភាពខ្ពង់ខ្ពស់ និងខ្លាំងក្លា (នោះគឺសាសនាឥស្លាម)។ ហើយទ្រង់ក៏បានសន្យានឹងពួកគេទៀតថាៈ ទ្រង់នឹងជំនួសឲ្យពួកគេនូវសុខសន្តិភាពបន្ទាប់ពី(ពួកគេទទួលនូវ)ការភ័យខ្លាច។ ពួកគេគោរពសក្ការៈមកចំពោះយើង(អល់ឡោះ)តែមួយគត់ ដោយពួកគេមិនធ្វើស្ហ៊ីរិកមកចំពោះយើងនូវប្រការណាមួយឡើយ។ ហើយជនណាដែលបានប្រឆាំងបន្ទាប់ពី(ទទួលបាននូវ)ឧបការគុណទាំងនេះហើយនោះ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលចាកចេញពីការគោរពប្រតិបត្តិចំពោះអល់ឡោះហើយ។