តាមពិត បណ្តាអ្នកមានជំនឿដែលជឿជាក់យ៉ាងពិតប្រាកដចំពោះការមានជំនឿរបស់ពួកគេនោះ ពួកគេគឺជាបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងមានជំនឿនឹងអ្នកនាំសាររបស់ទ្រង់។ ហើយនៅពេលដែលពួកគេស្ថិតនៅជាមួយព្យាការី(មូហាំម៉ាត់) នៅក្នុងកិច្ចប្រជុំ(ជាមួយគាត់)ដែលផ្តល់ផលប្រយោជន៍ដល់អ្នកឥស្លាមនោះ ពួកគេមិនចាកចេញពីអង្គប្រជុំឡើយ លុះត្រាតែពួកគេសុំការអនុញ្ញាតពីគាត់(ព្យាការី)ក្នុងការចាកចេញជាមុនសិន។ ពិតប្រាកដណាស់ បណ្តាអ្នកដែលសុំការអនុញ្ញាតពីអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នៅពេលដែលគេចាកចេញនោះ អ្នកទាំងនោះហើយគឺជាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងមានជំនឿចំពោះអ្នកនាំសាររបស់ទ្រង់ដ៏ពិតប្រាកដ។ ដូច្នេះ ប្រសិនបើពួកគេសុំការអនុញ្ញាតពីអ្នកចំពោះកិច្ចការដែលចាំបាច់មួយចំនួនរបស់ពួកគេនោះ ចូរអ្នកអនុញ្ញាតឲ្យ(ចាកចេញ)ចំពោះជនណាក្នុងចំណោមពួកគេដែលអ្នកចង់អនុញ្ញាតឲ្យ ហើយអ្នកត្រូវសុំការអភ័យទោសពីអល់ឡោះចំពោះបាបកម្មរបស់ពួកគេផង។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោសនូវបាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។