Khmer Abridged Explanation of the Quran
27:40 - 27:40

បុរសម្នាក់ដែលជាអ្នកសាងទង្វើកុសល ជាអ្នកដែលមានចំណេះដឹងខ្ពង់ខ្ពស់ម្នាក់ចំពោះព្យាការីស៊ូឡៃម៉ាន និងមានចំណេះដឹងជ្រៅជ្រះម្នាក់ខាងគម្ពីរ ដែលនៅក្នុងចំណោមចំណេះដឹងដែលគេមាននោះ គឺគេដឹងពីព្រះនាមរបស់អល់ឡោះដ៏ធំធេង ដែលនៅពេលណាដែលគេបួងសួង(សុំពីអល់ឡោះ)នឹងព្រះនាមនោះ ទ្រង់នឹងឆ្លើយតបចំពោះគេ បាននិយាយថាៈ ខ្ញុំនឹងនាំរាជបល្ល័ង្គរបស់ព្រះនាងមកឲ្យអ្នកមុននឹងអ្នកព្រិចភ្នែករបស់អ្នកទៅទៀត(ក្នុងមួយប៉ព្រិចភ្នែកប៉ុណ្ណោះ) ដោយខ្ញុំគ្រាន់តែបួងសួងសុំពីអល់ឡោះ នោះវា(បល្ល័ង្គនោះ)នឹងមកដល់ភ្លាម។ ពេលនោះ គេក៏បានបួងសួងសុំពីអល់ឡោះជាម្ចាស់ ហើយទ្រង់ក៏បានឆ្លើយតបនឹងការបួងសួងរបស់គេ។ ហើយនៅពេលដែលព្យាការីស៊ូឡៃម៉ានបានឃើញរាជបល្ល័ង្គរបស់ព្រះនាងស្ថិតនៅចំពោះមុខរបស់គាត់ គាត់ក៏បានពោលថាៈ នេះគឺជាការប្រោសប្រទានពីម្ចាស់របស់ខ្ញុំចំពោះខ្ញុំ ដើម្បីទ្រង់នឹងសាកល្បងខ្ញុំ ថាតើខ្ញុំជាអ្នកដែលដឹងគុណចំពោះឧបការគុណរបស់ទ្រង់ ឬក៏ជាអ្នករមិលគុណចំពោះវា? ហើយជនណាដែលដឹងគុណអល់ឡោះនោះ ពិតណាស់ ផលនៃការដឹងគុណរបស់គេ គឺត្រឡប់ទៅកាន់គេវិញប៉ុណ្ណោះ ព្រោះអល់ឡោះជាម្ចាស់ទ្រង់មហាមានលើសលប់បំផុត ដោយការថ្លែងអំណរគុណ ឬការដឹងគុណរបស់ខ្ញុំបម្រើទ្រង់នោះមិនបានបន្ថែមអ្វីដល់ទ្រង់នោះឡើយ។ តែជនណាហើយដែលរមិលគុណចំពោះឧបការគុណទាំងឡាយរបស់អល់ឡោះ ដោយគេមិនថ្លែងអំណរគុណអល់ឡោះចំពោះវាទេនោះ ពិតប្រាកណាស់ ម្ចាស់របស់ខ្ញុំទ្រង់មហាមានលើសលប់មិនត្រូវការការដឹងគុណរបស់គេនោះទេ ហើយទ្រង់មហាសប្បុរសបំផុត ហើយក្នុងចំណោមភាពសប្បុរសរបស់ទ្រង់នោះ គឺទ្រង់ប្រទានឧបការគុណរបស់ទ្រង់(ចំពោះពួកគេ) សូម្បីតែពួកដែលរមិលគុណចំពោះឧបការគុណក៏ដោយ។