ហើយមានមនុស្សមួយចំនួនបាននិយាយថាៈ ពួកយើងមានជំនឿលើអល់ឡោះហើយ។ តែនៅពេលដែលគេទទួលរងនូវការធ្វើទុក្ខបុកម្នេញពីសំណាក់ពួកប្រឆាំងដោយសារតែការមានជំនឿរបស់គេនោះ គេក៏បានចាត់ទុកទារុណកម្មរបស់ពួកគេ(ពួកប្រឆាំង)ចំពោះគេនោះ ដូចជាទណ្ឌកម្មរបស់អល់ឡោះដែរ។ ដូច្នេះ រូបគេក៏បោះបង់ជំនឿ ដោយឯកភាព(គោរព)តាមពួកប្រឆាំងទៅវិញ។ តែប្រសិនបើជំនួយពីម្ចាស់របស់អ្នកបានកើតមានចំពោះអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)វិញនោះ ពួកគេពិតជានឹងនិយាយថាៈ ពិតប្រាកដណាស់ ពួកយើងធ្លាប់នៅជាមួយពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ក្នុងភាពជាអ្នកមានជំនឿ(ដូចពួកអ្នក)ដែរ។ តើពុំមែនទេឬដែលថា ពិតណាស់អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវអ្វីដែលមានក្នុងចិត្តរបស់មនុស្សលោកនោះ? គ្មានអ្វីមួយនៅក្នុងចិត្ត(របស់គេ)អំពីការប្រឆាំង និងការមានជំនឿនោះអាចលាក់បាំងពីទ្រង់បានឡើយ។ ដូចនេះ តើពួកគេប្រាប់អល់ឡោះពីអ្វីដែលមាននៅក្នុងចិត្តរបស់ពួកគេយ៉ាងដូចម្តេចទៅ ខណៈដែលទ្រង់ដឹងបំផុតពីអ្វីដែលមាននៅក្នុងចិត្ត(របស់ពួកគេ)ជាងពួកគេទៅទៀតនោះ?