ហើយទ្រង់គឺជាអ្នកដែលបានចាប់ផ្តើមបង្កើតម៉ាខ្លូកដោយគ្មានគំរូពីមុនមកសោះឡើយ។ បន្ទាប់មក ទ្រង់បានបង្កើតវាឡើងវិញម្តងទៀតក្រោយពីវាបានរលាយសាបសូន្យ ហើយការបង្កើតឡើងវិញ(ម្តងទៀត)នោះ គឺងាយស្រួលជាងការចាប់ផ្តើម(បង្កើតលើកដំបូង)ទៅទៀត។ តែសម្រាប់ទ្រង់វិញ ទាំងការបង្កើតលើកដំបូង ទាំងការបង្កើតឡើងវិញម្តងទៀត គឺងាយស្រួលដូចគ្នា ពីព្រោះអល់ឡោះជាម្ចាស់ កាលណាទ្រង់មានចេតនាអ្វីមួយនោះ ទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វាថា “ចូរកើតចុះ” នោះវានឹងកើតឡើងភ្លាម។ ហើយអល់ឡោះជាម្ចាស់ ទ្រង់មានលក្ខណៈខ្ពង់ខ្ពស់បំផុត នូវរាល់លក្ខណៈសម្បត្តិទាំងឡាយរបស់ទ្រង់ដ៏ខ្ពង់ខ្ពស់ និងពេញលេញ។ ហើយទ្រង់ជាម្ចាស់មហាខ្លាំងពូកែដែលគ្មានអ្នកណាអាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតនៅក្នុងការបង្កើត និងការចាត់ចែងរបស់ទ្រង់។