ចូរពួកអ្នកដាក់នាមត្រកូលកូនចិញ្ចឹមដែលពួកអ្នកអះអាងថាជាកូនរបស់ពួកអ្នកនោះ ទៅតាមនាមត្រកូលពិតប្រាកដរបស់ឪពុកបង្កើតពួកគេ ព្រោះថា ការដាក់នាមត្រកូលទៅតាម(ឈ្មោះ)ឪពុកបង្កើតរបស់ពួកគេនោះ វាគឺយុត្តិធម៌បំផុតចំពោះអល់ឡោះ។ តែប្រសិនបើពួកអ្នកមិនស្គាល់(ឈ្មោះ)ឪពុកបង្កើតរបស់ពួកគេដើម្បីពួកអ្នកដាក់នាមត្រកូលឲ្យពួកគេទេនោះ ចូរពួកអ្នកចាត់ទុកពួកគេ(កូនចិញ្ចឹម)ជាបងប្អូនរបស់ពួកអ្នកក្នុងសាសនាឥស្លាម និងជាអ្នកដែលពួកអ្នកបានដោះលែងពួកគេចេញពីភាពជាខ្ញុំបម្រើគេ។ ដូច្នេះ ចូរពួកអ្នកហៅពួកគេថា “ឱបងប្អូនរបស់ខ្ញុំ” “ឱបងប្អូនជីដូនមួយរបស់ខ្ញុំ”។ ហើយគ្មានបាបកម្មទេចំពោះពួកអ្នក នៅពេលដែលពួកអ្នកហៅនាមត្រកូលរបស់ពួកគេខុស ដោយមិនបានហៅឈ្មោះឪពុកបង្កើតរបស់ពួកគេ(កូនចិញ្ចឹម)នោះ ក៏ប៉ុន្តែពួកអ្នកនឹងមានបាបកម្មនៅពេលដែលពួកអ្នកមានចេតនាហៅ(ខុស)បែបនេះ។ ហើយអល់ឡោះមហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ ដោយទ្រង់មិនយកទោសពៃរ៍ពួកគេចំពោះកំហុសអចេតនារបស់ពួកគេឡើយ។