ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍តាមអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់! ចូរពួកអ្នកចងចាំនូវឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានឲ្យពួកអ្នក នៅពេលដែលកងទ័ពជាច្រើនរបស់ពួកប្រឆាំងដែលមានបំណងប្រយុទ្ធនឹងពួកអ្នកបានមកដល់ក្រុងម៉ាទីណះ ដោយមានទាំងពួកពុតត្បុត និងពួកយូដាជាអ្នកជួយគាំទ្រដល់ពួកគេថែមទៀតផង។ ពេលនោះ យើងបានបញ្ជូនខ្យល់ទៅកាន់ពួកគេ គឺជាខ្យល់ព្យុះដែលជួយដល់ព្យាការី ហើយយើងបានបញ្ជូនកងទ័ពជាច្រើនអំពីពួកម៉ាឡាអ៊ីកាត់ដែលពួកអ្នកមិនបានឃើញពួកគេឡើយ។ ពេលនោះ ពួកប្រឆាំងក៏បានរត់ត្រឡប់ក្រោយ ដោយពួកគេមិនអាចធ្វើអ្វីមួយកើតឡើយ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ឃើញបំផុតចំពោះអ្វីដែលពួកអ្នកប្រព្រឹត្តដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកទៅលើទង្វើដែលពួកអ្នកបានសាង។