Khmer Abridged Explanation of the Quran
33:50 - 33:50

ឱព្យាការីមូហាំម៉ាត់! ពិតប្រាកដណាស់ យើងបានអនុញ្ញាតឲ្យអ្នកនូវបណ្តាភរិយាទាំងឡាយរបស់អ្នកដែលអ្នកបានប្រគល់ឲ្យពួកនាងនូវប្រាក់ខាន់ស្លារបស់ពួកនាងរួច ហើយយើងក៏បានអនុញ្ញាតឲ្យអ្នកផងដែរនូវស្ត្រីបម្រើដាច់ថ្លៃដែលអល់ឡោះបានប្រទានឲ្យអ្នកពីឈ្លើយសឹក(ជាជ័យភណ្ឌ)នោះ។ ហើយយើងក៏បានអនុញ្ញាតឲ្យអ្នកផងដែរក្នុងការរៀបការជាមួយកូនស្រីរបស់ពូខាងឪពុករបស់អ្នក និងកូនស្រីរបស់មីងខាងឪពុករបស់អ្នក(ក្មួយបង្កើតខាងឪពុក) និងកូនស្រីរបស់ពូខាងម្តាយរបស់អ្នក និងកូនស្រីរបស់មីងខាងម្តាយរបស់អ្នក(ក្មួយបង្កើតខាងម្តាយ)ដែលពួកនាងបានភៀសខ្លួនពីក្រុងម៉ាក្កះទៅកាន់ក្រុងម៉ាទីណះជាមួយអ្នក។ ហើយយើងក៏បានអនុញ្ញាតឲ្យអ្នកផងដែរក្នុងការរៀបការជាមួយស្ត្រីមានជំនឿដែលស្ម័គ្រចិត្តរៀបការជាមួយអ្នកដោយមិនត្រូវការប្រាក់ខាន់ស្លា ប្រសិនបើអ្នកចង់រៀបការជាមួយនាង។ ការរៀបការដោយមិនមានប្រាក់ខាន់ស្លាបែបនេះ គឺជាករណីពិសេសសម្រាប់តែព្យាការីមូហាំម៉ាត់ប៉ុណ្ណោះ ដោយគេមិនអនុញ្ញាតឲ្យអ្នកផ្សេងក្រៅពីព្យាការីអាចធ្វើដូច្នេះឡើយ។ ពិតប្រាកដណាស់ យើងបានដឹងនូវអ្វីដែលយើងបានដាក់វាជាកាតព្វកិច្ចចាំបាច់ទៅលើបណ្តាអ្នកមានជំនឿនៅក្នុងរឿងភរិយារបស់ពួកគេ ដោយគេមិនអនុញ្ញាតឲ្យពួកគេអាចយកភរិយាលើសពីបួននាក់នោះ ហើយនិងអ្វីដែលយើងបានដាក់វាជាច្បាប់បញ្ញត្តិចំពោះពួកគេក្នុងរឿងស្រ្តីខ្ញុំបម្រើដាច់ថ្លៃ ដោយពួកគេអាចរួមដំណេកជាមួយពួកនាងចំពោះនរណាម្នាក់ដែលពួកគេចង់ដោយគ្មានកំណត់ចំនួនឡើយ។ ហើយយើងបានអនុញ្ញាតឲ្យអ្នក(ព្យាការីមូហាំម៉ាត់)នូវអ្វីដែលយើងមិនបានអនុញ្ញាតឲ្យអ្នកដទៃក្រៅពីអ្នកនោះ គឺដើម្បីកុំឲ្យអ្នកមានការចង្អៀតចង្អល់ និងការលំបាក។ ហើយអល់ឡោះជាម្ចាស់ទ្រង់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។