ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍នូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់ចំពោះពួកគេ! ចូរពួកអ្នកកុំចូលផ្ទះរបស់ព្យាការី លើកលែងតែក្រោយពីគាត់បានអនុញ្ញាតឲ្យពួកអ្នកចូល តាមរយៈការអញ្ជើញពួកអ្នកឲ្យទទួលទានអាហារប៉ុណ្ណោះ ហើយពួកអ្នកមិនត្រូវទៅអង្គុយរង់ចាំមុនពេលចំអិនអាហារ(រួចរាល់)នោះឡើយ។ ក៏ប៉ុន្តែ នៅពេលដែលគេបានអញ្ជើញពួកអ្នកឲ្យទទួលទានអាហារនោះ សូមពួកអ្នកចូលទៅចុះ ហើយបើកាលណាពួកអ្នកបានទទួលទានអាហាររួចរាល់ហើយនោះ សូមពួកអ្នកចាកចេញទៅ ហើយចូរពួកអ្នកកុំនៅបន្តនិយាយគ្នាលេងបន្ទាប់ពីនោះ(បន្ទាប់ពីទទួលទានអាហារ)ឲ្យសោះ។ ពិតប្រាកដណាស់ ការដែលពួកអ្នកនៅបន្ត(និយាយគ្នាលេងបន្ទាប់ពីទទួលទានអាហាររួច)ដូច្នោះ គឺធ្វើឲ្យប៉ះពាល់ដល់ព្យាការី ហើយគាត់មានភាពអៀនខ្មាសក្នុងការសុំឲ្យពួកអ្នកចាកចេញ។ ប៉ុន្តែអល់ឡោះជាម្ចាស់ទ្រង់មិនខ្មាសអៀនឡើយក្នុងការបង្គាប់ឲ្យធ្វើរឿងដែលត្រឹមត្រូវនោះ។ ដូច្នេះ អល់ឡោះទ្រង់ប្រើឲ្យពួកអ្នកចាកចេញពីព្យាការី ដើម្បីកុំឲ្យមានការប៉ះពាល់ដល់ព្យាការីដោយសារការនៅបន្តរបស់ពួកអ្នក(នៅក្នុងផ្ទះរបស់គាត់)នោះ។ ហើយនៅពេលដែលពួកអ្នកស្នើសុំពីភរិយារបស់ព្យាការីនូវសេចក្តីត្រូវការណាមួយ ដូចជារបស់របរប្រើប្រាស់ជាដើមនោះ ចូរពួកអ្នកស្នើសុំនូវតម្រូវការរបស់ពួកអ្នកនៅពីក្រោយរបាំង ហើយចូរពួកអ្នកកុំស្នើសុំនូវតម្រូវការរបស់ពួកអ្នកអំពីពួកនាង(ភរិយាព្យាការី)ដោយទល់មុខគ្នាផ្ទាល់ដើម្បីកុំឲ្យពួកអ្នកឃើញពួកនាងផ្ទាល់ភ្នែក ដើម្បីជាការការពារដល់ពួកនាង(ភរិយារបស់ព្យាការី) ដោយសារតែឋានៈរបស់អ្នកនាំសាររបស់អល់ឡោះ។ ការដែលពួកអ្នកស្នើសុំពីខាងក្រោយរបាំងនោះ គឺជាការស្អាតស្អំបំផុតចំពោះចិត្តរបស់ពួកអ្នក និងចិត្តរបស់ពួកនាង ដើម្បីកុំឲ្យស្ហៃតនពង្វក់ដួងចិត្តរបស់ពួកអ្នកនិងដួងចិត្តរបស់ពួកនាង តាមរយៈការញុះញង់និងតុបតែងលម្អនូវប្រការអាក្រក់(ឲ្យមើលឃើញថាជាប្រការល្អ)។ ហើយមិនគប្បីឡើយចំពោះពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ក្នុងការដែលពួកអ្នកធ្វើឲ្យមានការប៉ះពាល់ដល់អ្នកនាំសាររបស់អល់ឡោះ តាមរយៈការបន្តអង្គុយនិយាយគ្នាលេង(ក្នុងផ្ទះរបស់គាត់)នោះ។ ហើយពួកអ្នកក៏មិនអាចរៀបការជាមួយភរិយាទាំងឡាយរបស់គាត់ក្រោយពីគាត់បានស្លាប់ហើយនោះដែរ ព្រោះថា ពួកនាង គឺជាមាតានៃបណ្តាអ្នកមានជំនឿទាំងឡាយ ហើយគេមិនអនុញ្ញាតឲ្យនរណាម្នាក់រៀបការជាមួយនឹងម្តាយខ្លួនឯងឡើយ។ ពិតប្រាកដណាស់ ការបង្កការប៉ះពាល់(ដល់ព្យាការី)ដូច្នោះ(ដែលក្នុងចំណោមនោះ គឺការរៀបការជាមួយភរិយារបស់គាត់ក្រោយពីគាត់បានស្លាប់) គឺជាប្រការដែលត្រូវបានហាមឃាត់ និងត្រូវបានចាត់ទុកថាជាអំពើបាបដ៏ធំធេងចំពោះអល់ឡោះជាម្ចាស់។