គ្មានទោសពៃរ៍អ្វីឡើយចំពោះពួកនាងនៅក្នុងការមើល និងការនិយាយជាមួយពួកនាងដោយគ្មានរបាំងនោះ ដូចជា(ជាមួយនឹង)ឪពុករបស់ពួកនាង កូនប្រុសរបស់ពួកនាង បងប្អូនប្រុសរបស់ពួកនាង កូនប្រុសរបស់បងប្អូនប្រុសពួកនាង កូនប្រុសរបស់បងប្អូនស្រីពួកនាង ទាំងសាច់ញាតិបង្កើត ឬសាច់ញាតិរួមដោះ។ ហើយក៏គ្មានទោសពៃរ៍អ្វីដែរចំពោះពួកនាងក្នុងការនិយាយជាមួយពួកនាងដោយគ្មានរបាំងខណ្ឌ ដូចជា(ជាមួយនឹង)បណ្តាស្ត្រីដែលមានជំនឿ និងស្ត្រីបម្រើដាច់ថ្លៃដែលនៅក្រោមការគ្រប់គ្រងរបស់ពួកនាង។ ហើយចូរពួកនាង(ឱបណ្តាស្រ្តីដែលជាអ្នកមានជំនឿទាំងឡាយ)កោតខ្លាចអល់ឡោះជាម្ចាស់ចំពោះអ្វីដែលអល់ឡោះបានបង្គាប់ប្រើ និងអ្វីដែលទ្រង់បានហាមឃាត់។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកធ្វើសាក្សីលើអ្វីដែលស្តែងចេញពីពួកនាង និងអ្វីដែលផុសចេញអំពីពួកនាង។