ក្រោយមក យើងបានប្រទានគម្ពីរគួរអានដល់ប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់ដែលយើងបានជ្រើសរើសពួកគេក្នុងចំណោមបណ្តាប្រជាជាតិទាំងឡាយ។ ហើយក្នុងចំណោមពួកគេ មានអ្នកបំពានលើខ្លួនឯងដោយប្រព្រឹត្តនូវទង្វើទាំងឡាយដែលគេហាមឃាត់ ហើយបោះបង់នូវកាតព្វកិច្ចទាំងឡាយដែលគេបានដាក់។ ហើយក្នុងចំណោមពួកគេ គឺមានអ្នកធុនកណ្តាល ដោយពួកគេបំពេញនូវកាតព្វកិច្ចទាំងឡាយដែលគេបានដាក់ ហើយបោះបង់ចោលនូវប្រការទាំងឡាយដែលគេបានហាមឃាត់ តែពួកគេក៏បានបោះបង់ចោលប្រការដែលគួរគប្បីធ្វើ(ប្រការស៊ូណិត) និងធ្វើប្រការមួយចំនួនដែលមិនគួរគប្បីធ្វើ(ប្រការម៉ាក្រុះ)ផងដែរ។ ហើយក្នុងចំណោមពួកគេទៀត ក៏មានអ្នកដែលឈានមុខគេក្នុងការសាងទង្វើកុសលផងដែរដោយការអនុញ្ញាតអំពីអល់ឡោះ ដោយពួកគេបានបំពេញនូវកាតព្វកិច្ចទាំងឡាយដែលគេបានដាក់និងប្រការដែលគួរគប្បីធ្វើ និងបោះបង់ចោលនូវប្រការទាំងឡាយដែលគេបានហាមឃាត់និងប្រការដែលមិនគួរគប្បីធ្វើ។ អ្វីដែលរៀបរាប់ខាងលើ(ដូចជាការជ្រើសរើសប្រជាជាតិនេះ និងប្រទានគម្ពីរគួរអានដល់ពួកគេ) វាគឺជាការប្រោសប្រទានដ៏ធំធេងដែលគ្មានការប្រោសប្រទានណាអាចប្រៀបផ្ទឹមបានឡើយ។